ព័ត៌មានទាន់ហេតុការណ៍៖

ធូរស្រាលវិញ ! អគ្គនាយកដ្ឋានពន្ធដារនិងគណៈមេធាវី ស្នើឲ្យបញ្ចប់វិវាទរវាងលោក វ៉ាន់ ពុទ្ធិពល ជាមួយមេធាវី ដោយសន្តិវិធីនិងយោគយល់គ្នាក្នុងកម្រិតខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំរវាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ និង គណៈមេធាវី នៅថ្ងៃទី៧ ខែសីហា គឺ បានសម្រេចនូវផ្លែផ្កាមួយចំនួន ដូចជា អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារការចេញលិខិតអញ្ជើញការិយាល័យមេធាវី មកចុះបញ្ជីពន្ធនៅគ្រប់សាខាពន្ធដារទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយអគ្គនាយកដ្ឋានពន្ធដារនិងគណៈមេធាវី បានឯកភាពគ្នាចាត់ទុកវិវាទលោក វ៉ាន់ ពុទ្ធិពល ជាវិវាទបុគ្គលផ្ទាល់ ដោយស្នើសុំឲ្យភាគីទាំងពីរបញ្ចប់វិវាទដោយសន្តិវិធី និង យោគយល់គ្នាក្នុងកម្រិតខ្ពស់បំផុត ។

កិច្ចប្រជុំនៅថ្ងៃទី៧ ខែសីហា នេះ គឺ ភាគីអគ្គនាយកដ្ឋានពន្ធដារ រួមមានលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ និង សហការី ។ ចំណែកខាងគណៈមេធាវី រួមមាន លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី លោកមេធាវី យឹម សារី អ្នកនាំពាក្យគណៈមេធាវី និង លោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ។

សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា លទ្ធផលនៃជំនួបនេះ រួមមាន លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ ឯកភាពទាំងស្រុងក្នុងការពន្យារការចេញលិខិតអញ្ជើញការិយាល័យមេធាវី ក្រុមមេធាវី និង ក្រុមហ៊ុនមេធាវី មកចុះបញ្ជីពន្ធនៅគ្រប់សាខាពន្ធដារទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ឯកភាពទទួលយកសំណើរបស់មេធាវី និង ផលវិបាកពាក់ព័ន្ធក្នុងការបង់ពន្ធរបស់មេធាវីដាក់ជូនលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរកដំណោះស្រាយតាមនីតិវិធី ។

អគ្គនាយកដ្ឋានគាំទ្រនិងទទួលយកសំណើរបស់គណៈមេធាវី ក្នុងការបង្កើតក្រុមការងារអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និង គណៈមេធាវី ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចរបស់មេធាវីដាក់ជូនលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេច ។

សេចក្ដីប្រកាសព័ត៌មាន ដដែល បន្តថា ចំពោះបញ្ហាសំណេរតាមហ្វេសប៊ុករបស់លោក វ៉ាន់ ពុទ្ធិពល ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ វិញ អគ្គនាយកដ្ឋានពន្ធដារនិងគណៈមេធាវី ឯកភាពចាត់ទុកថា ជារឿងរបស់បុគ្គល វ៉ាន់ ពុទ្ធិពល ផ្ទាល់ ។ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរស្នើសុំ ឲ្យភាគីទាំងពីរបញ្ចប់វិវាទដោយសន្តិវិធីនិងយោគយល់គ្នាក្នុងកម្រិតខ្ពស់បំផុត ។

គួររំលឹកថា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវី នៅថ្ងៃទី០៥ ខែសីហា គណៈកម្មការមួយ ត្រូវបានបង្កើតឡើង ដើម្បីបន្តនីតិវិធីករណីលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងពន្ធដារ ដែលប្រមាថថា មេធាវីជាសត្វគោ ។

លោក យឹម សារី អ្នកនាំពាក្យគណៈមេធាវី ថ្លែងប្រាប់រស្មីកម្ពុជា ថា ក្រុមប្រឹក្សាគណៈមេធាវី បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយវិវាទបុគ្គលឯកជន ដែលប្រមាថមើលងាយដល់មេធាវី រួមមាន លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី ជាប្រធានគណៈកម្មការ និង លោកមេធាវី ជូ ចាន់ធារ៉ា លោកមេធាវី សាំង វណ្ណះ លោកមេធាវី ឈី សម្បត្តិ និង លោកមេធាវី លឹម ច័ន្ទលីដា ជាសមាជិកគណៈកម្មការ ។

លោក យឹម សារី បន្តថា គណៈមេធាវីមានគោលជំហរយ៉ាងមុតមាំ ដើម្បីការពារផលប្រយោជន៍វិជ្ជាជីវៈ មិនអាចឲ្យនរណាប្រមាថមើលងាយ ទោះតាមវិធីណាក៏ដោយ ហើយគណៈមេធាវី មិនព្រងើយកន្តើយចំពោះការប្រើពាក្យមិនមានសីលធម៌ និង មិនទទួលខុសត្រូវនេះឡើយ ។

កាលពីល្ងាចថ្ងៃទី០៤ ខែសីហា លោកមេធាវី លី ច័ន្ទតុលា តំណាងមេធាវីជាង៥០នាក់ ក៏បានដាក់ពាក្យបណ្ដឹងចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក វ៉ាន់ ពុទ្ធិពល ផងដែរ ៕ចេស្តា


ចែករំលែក៖