ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រកាត់ដេរចំនួន៣អគារបានដួលសន្លប់ជាបន្តបន្ទាប់សរុបជាង៧០នាក់នៅក្នុងសួនឧស្សាហ៍កាណាឌីយ៉ា

ចែករំលែក៖

ភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរជាង៧០នាក់ ដែលបម្រើការងារនៅក្នុងអាគារចំនួន៣ ក្នុងរោងចក្រកាត់ដេរយីហោ《ញូអូរៀន ខេមបូឌា ហ្គាមិន》 ស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៧ ខែសីហា ក្នុងខណៈដែលពួកគេកំពុងធ្វើការងារ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយពេលហូបបាយថ្វៃត្រង់រួច កម្មការិនីទាំងនោះបាននាំគ្នាធ្វើការជាធម្មតា លុះក្រោយមក ខណៈពេលកំពុងធ្វើការងារសុខ ស្រាប់តែមានកម្មការិនីម្នាក់បានមានអាការៈមិនស្រួលខ្លួនងងឹតមុខ ថប់ដង្ហើមនិងបានដួលសន្លប់ទាំងកំរោល ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងរោងចក្រ ហើយក៏មានអ្នកដួលសន្លប់ជាបន្តបន្ទាប់ទៀតជាង៧០នាក់តែម្ដង ខណៈនោះតំណាងតោងចក្រកាត់ដេរខាងលើ បានដឹកអ្នករងគ្រោះទាំងនោះទៅកាន់គ្លីនិកមូលមិត្តនិងសុខលាភមេត្រី ដែលស្ថិតនៅក្នុងភូមិកើតហេតុនោះដែរ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលមានហេតុការណ៍បែបនេះកើតឡើង កម្មករិនីដែលមិនបានដួលសន្លប់ត្រូវបានថៅកែអនុញ្ញាតឲ្យសម្រាកពីការងារ និងបាននាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយចំពោះការដួលសន្លប់របស់ពួកគេ មិនទាន់ត្រូវបានគេដឹងពីមូលហេតុនៅឡើយទេ។ប៉ុន្តែសង្ស័យបណ្ដាលមកពីការធ្វើការហួសកម្លាំង មានកម្លាំងខ្សោយ បូករួមក្លិនគីមីក្នុងក្រណាត់ និងអាកាសធាតុនៅក្នុងរោងចក្រនោះផងដែរ ហើយទោះបីជាបែបណា មិនបានបណ្ដាលឲ្យមាននរណាស្លាប់នោះឡើយ គ្រាន់តែមានអាការៈធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ដោយមុនដំបូងពួកគេមានអាការៈវិលមុខ ងងឹតមុខថប់ដង្ហើមរកកលក្អួតចង្អោរ បន្ទាប់មកក៏បានដួលសន្លប់បែបនេះតែម្ដង ហើយមិនទាន់មានមន្រ្តីជំនាញពាក់ព័ន្ធណាមួយបញ្ជាក់ពីមូលហេតុនៅឡើយ។

បច្ចុប្បន្នក្រុមកម្មការិនីចំនួន១៣នាក់នាក់កំពុងដេកសម្រាកនៅមន្ទីរពេទ្យសុខលាភមេត្រីនិងជាង៣០នាក់សម្រាក់នៅមន្ទីរពេទ្យមូលមិត្ត៕ សុខាសែនជ័យ


ចែករំលែក៖