ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រ្តីម៉ាស្សាម្នាក់ ពាក់ព័ន្ធករណីលួចលុយភ្ញៀវចំនួន៨០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ដែលជានារីបំរើសេវាម៉ាស្សា ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តទឹកល្អក់ទី២ឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរគមន៍ភ្លាមៗ ក្រោយស្រ្តីសង្ស័យបានយកប្រាក់ដុល្លារក្លែងក្លាយចំនួន៨០០ដុល្លារអាមេរិក ដូចយកប្រាក់ដុល្លារពិតពីក្នុងកាបូបលុយជនរងគ្រោះបានសម្រេចចំនួន៨០០ដុល្លារអាមេរិក នៅហាងម៉ាស្សាកោសជប់ ។

ករណីលួចបន្លំនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៧ខែសីហាឆ្នាំ២០១៧ ស្ថិតនៅចំនុចហាងម៉ាស្សាកោសជប់ ផ្ទះលេខ១៤៩ ផ្លូវ១៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្រ្តីសង្ស័យឈ្មោះឆេង លាង ហៅមីមីអាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកហាងម៉ាស្សា ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ចំណែកឯជនរងគ្រោះឈ្មោះហេង វ៉ាន អាយុ៣២ឆ្នាំ ភេទប្រុស មុខរបរបុគ្គលិកក្រុមហ៊ុនបោះពុម្ភDKA ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ វត្ថុតាងដកហូតមាន៖ក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន៨សន្លឹក ។

តាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ភ្លាមនោះក៏បានចូលម៉ាស្សាកោសជប់ខាងលើ ដោយបានទុកកាបូបលុយនៅចុងជើងក្បែបង្អួចពេលនោះ ស្រ្តីសង្ស័យបានធ្វើសកម្មភាពបន្លំយកលុយជនរងគ្រោះចំនួន៨០០ដុល្លារអាមេរិច ដោយទុកលុយដុល្លាក្លែងក្លាយក្រដាស១០០ដុល្លារចំនួន៨សន្លឹកដាក់ក្នុងកាបូបវិញ ។ បន្ទាប់ពីជនរងគ្រោះឲ្យជនសង្ស័យម៉ាស្សារួចរាល់ហើយ ជនរងគ្រោះ ក៏បានជិះម៉ូតូទៅបាត់មួយសន្ទះទើបដឹងថាបាត់លុយ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុសិ៍្តទឹកល្អក់ទី២ ចុះទៅឃាត់ខ្លួនបានម្នាក់រឺឯបក្សពួករត់គេចខ្លួនបាត់តែម្ដង ។

បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួគោក ដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕ស តារា


ចែករំលែក៖