ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកម្មសម្លាប់ដោយត្បូងចបនៅស្រុកស្ទឹងត្រង់ឃាតកចាប់ខ្លួនបានហើយនៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ចាមៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់នៅចំការកៅស៊ូ នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះដល់កន្លែងកើតហេតុ ស៊ើបអង្កេតស្រាវជ្រាវ ពិនិត្យឃើញថាៈ

នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(បណ្តាលឲ្យជនរងគ្រោះស្លាប់)។

ជនរងគ្រោះឈ្មោះ ភី បូរិទ្ធ ហៅព្រែក ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ចេកជ្វា ឃុំព្រែកកក់ស្រុកស្ទឹងត្រង់ បច្ចុប្បន្នមកស្នាក់នៅធ្វើកម្មករជៀរជ័រកៅស៊ូនៅចំណុចកើតហេតុខាងលើ(បណ្តាលឲ្យស្លាប់)។

តាមការពិនិត្យរបស់ជំនាញបច្ចេកទេសសន្និដ្ឋានថា សាកសពបានស្លាប់នៅចន្លោះម៉ោង២០ ទៅម៉ោង២១ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ។

តាមការពិនិត្យលើសាកសពឃើញមានស្នាម របួសផុងឆ្អឹងលលាដ៍ក្បាល និងត្រូវរបួសក្បាលជាច្រើនកន្លែងទៀត។
កន្លែងកើតហេតុបន្សល់ទុកនូវ មានចបកាប់ចំនួន១ ផ្លែដែកប្រលាក់ឈាម។

ក្រោយពីបានស្រាវជ្រាវស៊ើបអង្កេតឃើញថា មានមុខសញ្ញាសង្ស័យ១នាក់ ឈ្មោះម៉េង ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតភូមិតាអុង ឃុំតាអុង ស្រុកចំការលើ បច្ចុប្បន្នមកស្នាក់នៅធ្វើកម្មករជៀរជ័កៅស៊ូនៅចំណុចស្ពានទី២ ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានរត់គេចខ្លួនបាត់ទាំងគ្រួសារ និងម៉ូតូ១គ្រឿង ម៉ាក សេ ១២៥ សេរី២០០៤ ឡើងតែម ២០០៦។

ដោយមានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ ស្នងការ បញ្ជាដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយជនសង្ស័យត្រូវបានបញជូនមកស្នងការនគរបាលបន្តនីតិវិធី៕ វណ្ណៈ


ចែករំលែក៖