ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញារង វ៉ា សក្តា កំពុងដំណើរការនីតិវិធីបណ្ដឹងក្រុមមេធាវីប្តឹងអគ្គនាយករងពន្ធដារ

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការនីតិវិធីបណ្ដឹងក្រុមមេធាវី៦១រូបប្តឹងលោកវ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានបង្ហោះសារតាមហ្វេសប៊ុក ដែលក្រុមមេធាវីចាត់ទុកថា បានប្រមាថមេធាវីជាសត្វគោ ។

លោកមេធាវី លី ច័ន្ទតុលា តំណាងសមាជិកសមាជិកាមេធាវី៦១រូប ថ្លែងថា ពេលនេះកញ្ញាព្រះរាជអាជ្ញារង វ៉ា សក្តា កំពុងដំណើរការនីតិវិធីបណ្ដឹងនេះ ។

គួររំលឹកថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ សមាជិក សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ចំនួន៦១នាក់ បានចុះហត្ថលេខារួមគ្នាដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នៅរាជធានីភ្នំពេញ តាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ។

លោកមេធាវី លី ច័ន្ទតុលា តំណាងឲ្យសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដឹងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាមទារឲ្យផ្តន្ទាទោស តាមបទបញ្ញាត្តិមាត្រា៣០៧ ចំណុចទី៣ និងមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងទាមទារឲ្យសងជំងឺចិត្តចំនួន ៤០លានរៀល ទៅកាន់សមាជិកម្នាក់ៗ នៃគណៈមេធាវីកម្ពុជា។

យោងតាមពាក្យបណ្ដឹងរបស់លោកមេធាវី លី ច័ន្ទតុលា ឲ្យដឹងថាកាលពីថ្ងៃទី០៣ ខែសីហា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបើកសិក្ខាសាលាក្រោមប្រធានបទ «កាតព្វកិច្ចបង់ពន្ធ» ។ នៅក្នុងសិក្ខាសាលានោះលោក វ៉ាន់ ពុទ្ធិពល ដែលជាវាគ្មិន បានប្រើសម្ដីមិនសមរម្យ បណ្ដាលឲ្យសិក្ខាកាម ដែលជាមេធាវី មិនពេញចិត្ត នឹងបានជជែកខ្វែងគំនិតគ្នា។

នៅល្ងាចថ្ងៃខែដដែល ក្រោយមានការខ្វែងគំនិតគ្នា លោក វ៉ាន់ ពុទ្ធិពល បានបង្ហោះសារនៅលើគណីហ្វេសប៊ុកដែលមានខ្លឹមសារថា« ថ្ងៃនេះថ្នាក់លើប្រើឲ្យទៅប្រមូលគោបញ្ចូលក្រោលដើម្បីថែរក្សាឲ្យ គត់មត់ ។ គោមួយចំនួនធំបានចូលក្រោលត្រឹមត្រូវ វៀរលែងតែអាពាល អាត្នោត និងអាទែក វាធ្លាប់តែនៅធ្វើព្យុះធ្វើភ្លៀងខាងក្រៅ ដើរជាន់ដំណាំ ស៊ីដំណាំអ្នកស្រុក កៀចមិនព្រមចូលក្រោល ។ មិនត្រឹមតែកៀច វាចង់ជល់ហើយធាក់ខ្ញុំទៀត ។ សុំសួរប្រិយមិត្ត តើអា៣ក្បាលហ្នឹងសមនឹងចាក់កន្លុះឲ្យតឹង ហើយសំពងនឹងទំពក់រនាស់ឲ្យបាក់លោងទេ ? សើច ! »។

សារ ខាងលើនេះ ត្រូវបានសមាជិកគណៈមេធាវីកម្ពុជា ចាត់ទុកថា ជាការចំអកឡកឡឺយ ក្រោមរូបភាពជេរប្រមាថ ដែលសមាជិកគណៈមេធាវីកម្ពុជា ចំនួន៦១រូបបានចុះ ហត្ថលេខាប្ដឹង លោក វ៉ាន់ ពុទ្ធិពល ពីបទជេប្រមាថជាសាធារណៈ និងទាមទាសំណងម្នាក់៤០លានរៀល។

ដោយឡែកជុំវិញបញ្ហាខាងលើនេះ លោក វ៉ាន់ ពុទ្ធិពល បានចេញមកបដិសេធ និងអះអាងថា ជាការយល់ច្រឡំប៉ុណ្ណោះ អត្ថន័យរបស់លោកសរសេរលើ Facebook មិនសំដៅលើមេធាវីឡើយ ប៉ុន្តែបើពាក្យពេចន៍ដែលលោកបានសរសេរនោះ ប៉ះពាល់ដល់មេធាវីគ្រប់រូបឲ្យលោកសុំទោស។ លោកបានលើកឡើងទៀតថា ពាក្យពេចន៍របស់លោកសរសេរ គឺជាពាក្យលេងសើច ចំពោះមន្ត្រីកូនចៅរបស់លោកប៉ុណ្ណោះ ដែលមានកូនចៅរបស់លោកខ្លះ បំពេញការងារមិនបានល្អ ហើយពួកគេស្គាល់ និងគោរពលោកចំពោះការលេងសើចទាំងនោះ៕ចេស្តា


ចែករំលែក៖