ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់មិនបានសម្រេចហើយរត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់កា​បូបពីនារីម្នាក់ ខណៈកំពុងជិះម៉ូតូតែមិនបានសម្រេច ត្រូវជនរងគ្រោះស្រែកថាចោរៗទើបត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍​កាកាប សហការជាមួយ​កម្លាំង​អន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដេញបង្ក្រាបបានភ្លាមៗ។

ហេតុការណ៍​នេះ​ បង្កឲ្យមានការភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង២និង០០នាទីឈានចូលថ្ងៃទី ៩ ខែ​ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្សុី​ទល់មុខប៉ុសិ៍្តកាកាប​ក្នុងភូមិ​តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ​ឈ្មោះ​ បូរ​មី ភេទស្រី អាយុ២២ឆ្នាំ បុគ្គលិកខារ៉ាអូខេ ម៉ូឌែនស៊ីធី ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីខាងត្បូង ស្នាក់នៅខាងក្រោយវិទ្យាល័យជម្ពូវន័ ក្នុងភូមិព្រៃខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ស្រុកកំណើតនៅភូមិស្រែញ៉រ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យជិះម៉ូតូម៉ាក ធូដេ ពណ៌​ក្រហមពាក់ស្លាកលេខ1DO-4322។ ចំណែកឯ​ជនសង្ស័យមានគ្នា២នាក់ទី១មានឈ្មោះ មាស រ័ត្ន អាយុ១៨ មុខរបរមិនពិតស្នាក់នៅព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី២មានឈ្មោះ ស៊ឹម ពេជ្រ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកល្វាឯមខេត្តកណ្តាល។  ជនសង្ស័យជិះម៉ូតូដែលធ្វើសកម្មភាពម៉ាកហុងដាឌ្រីមស៊េរី០១៤ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1CP-8926 ។

តាមសម្តីរបស់ជនរងគ្រោះបានឲ្យ​ដឹងថា មុនពេលកើតហេតុ រូបនាង​បាន​ចេញធ្វើការដោយជិះម៉ូតូជាមួយនារីម្នាក់ទៀត តាមផ្លូវសហព័ន្ធរ៉ុស្សីក្នុងទិសដៅពីលិចទៅកើត។ លុះជិះមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យទាំង២នាក់ជិះម៉ូតូមកក្បែរ រួចលូកដៃឆក់កាបូប តែត្រូវរូបនាងដឹងខ្លួន ក៏ឆក់មិនបានសម្រេច ទើបនាងបាន ស្រែកចោរៗផ្អើលដល់​កម្លាំង​នគរបាល​នៃ​អធិការខណ្ឌពោធិ៍សែនជ័យដែលកំពុងល្បាតដេញចាប់ភ្លាមៗតែម្តង។

បើតាមប្រភព​ព័ត៌​មាន​ពី​កម្លាំង​នគរ​បាល​បានឲ្យ​ដឹងថា មុនពេលកើតហេតុ កម្លាំង​នគរបាលប៉ុស្តិ៍​កាកាប សហការជាមួយ​កម្លាំង​អន្តរាគមន៍នៃអធិការដ្ឋាន​ននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែជិះ​ម៉ូតូ​ល្បាតការពារក្នុងមូលដ្ឋាន​នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី។លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែឭជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះកម្លាំង​បានធ្វើការដេញតាមពីក្រោយជនសង្ស័យ រហូតដល់ម្តុំក្រោយសាលវិទ្យាល័យ១០០ខ្នង ក៏ជនសង្ស័យផ្តួលម៉ូតូរត់ចូលដីឡូត៍មួយកន្លែង តែទោះជាយ៉ាងណាកម្លាំង​យើងមានច្រើនគ្រប់គ្រាន់ដោយចុះកាត់​ភក់ រុករកក្របួចបានទាំង២នាក់នេះយកមកសួរនាំនៅប៉ុស្តិ៍​តែម្តង។

បច្ចុប្បន្នសង្ស័យទាំង២នាក់ ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍​កាកាប កំពុងសាកសួរ និងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីកសាងសុំណុំរឿង បញ្ចូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការ​តាមនីតិវិធី៕​ សុខាសែនជ័យ


ចែករំលែក៖