ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកម៉ូតូបុកម៉ូតូស្របទិសគ្នារបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលនៅលើកំណាត់ផ្លូវលេខ៤៤ ក្នុងភូមិ-ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1O-9573 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ រិទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ(រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ទិត្យ អាយុ២០ឆ្នាំ (របួសធ្ងន់) រស់នៅភូមិទួលវិហារ ឃុំមានជ័យ ស្រុកឧដុង្គ ។ លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-3030 ពីក្រោយបណ្តាលឲ្យអ្នកបើកបរឈ្មោះ ជាន់ ស្រីភ័ក្តិ ភេទស្រី អាយុ១៤ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ផន ស្រីតី ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលទាំងសងខាងតែម្តង។

ករណីនេះក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករបួសធ្ងន់៣នាក់ទៅសង្គ្រោះ រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមច្បាប់។

សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារអ្នកបើកបរឈ្មោះ រិទ្ធិ បើកបរក្នុងសភាពស្រវឹងទៅបុកម៉ូតូក្មេងស្រីពីក្រោយ៕ សេនា ស័ក្តិ


ចែករំលែក៖