ព័ត៌មានទាន់ហេតុការណ៍៖

តុលាការដោះលែងជនសង្ស័យ៥នាក់ ដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី៨ ខែសីហា ។

មន្ត្រីតុលាការ ថ្លែងថា មូលហេតុនៃការដោះលែងនេះ គឺ ដោយសារជនសង្ស័យប្រុសស្រីទាំង៥នាក់នេះ ទើបតែប្រព្រឹត្តបទល្មើសជាលើកដំបូង ហើយជាវិធានការអប់រំ តុលាការបានហៅអាណាព្យាបាលទាំងអស់មកធ្វើកិច្ចសន្យា អប់រំកូនប្រុសស្រីឲ្យប្រព្រឹត្តខ្លួនល្អសាជាថ្មី ។

មន្ត្រីដដែល អះអាងថា ក្នុងករណីជនសង្ស័យទាំង៥នាក់ មិនឈប់ប្រព្រឹត្តនូវអំពើល្មើសទេ ព្រះរាជអាជ្ញា មានឆន្ទានុសិទ្ធិក្នុងការកោះហៅមកសាកសួរ ហើយអាចចោទប្រកាន់សាជាថ្មីបាន ក្នុងកាលៈទេសៈណាមួយ ។

ជនសង្ស័យប្រុសស្រីទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី៥ ខែសីហា នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ។

ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចរកឃើញវត្ថុតាងប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ៕ចេស្តា


ចែករំលែក៖