ខេត្តកំពង់ឆ្នាំង៖ អាជីវករលក់ដូរក្នុង ផ្សារលើ ក្រុង-ខេត្តកំពង់ឆ្នាំងកំពុងព្រួយ បារម្ភចំពោះសន្តិសុខ និងសុវត្ថិភាពរបស់ របររបស់ពួកគាត់នៅក្នុងផ្សារ ព្រោះក្រោយ ពេលលក់ដូរត្រូវចាក់សោទុកក្នុងតូប ហើយ ចោរចូលលួចគាស់យកទ្រព្យសម្បត្តិអស់ គ្មានសល់។ ប៉ុន្តែសន្តិសុខយាមការពារ និង ប្រធានផ្សារមិនទទួលខុសត្រូវ។
អាជីវករលក់ទូរស័ព្ទក្នុងផ្សារលើ ខេត្ត កំពង់ឆ្នាំងឈ្មោះ អុឺង ច័ន្ទវិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ ដែលត្រូវចោរគាស់តូបកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧កន្លង ទៅបាននិយាយថា ជារៀងរាល់ថ្ងៃក្រោយការលក់ដូររួចនៅពេលល្ងាចពួកគាត់ក៏ដូចជាបងប្អូនអាជីវកលក់ដូរក្នុងផ្សារលើនេះ តែងតែបានយករបស់របរដាក់ចាក់សោ ទុកនៅក្នុងតូប។ លុះព្រឹកឡើងមកបើកតូប ដើម្បីលក់ដូរស្រាប់តែទូរស័ព្ទរាប់សិបគ្រឿង ដែលមានតម្លៃរាប់ពាន់ដុល្លារត្រូវបានចោរចូលគាស់យកគ្មានសល់ ។
ម្ចាស់តូបលក់ទូរស័ព្ទរូបនេះបានបន្តទៀតថា ក្រោយកើតហេតុភ្លាមលោកក៏ ទូរស័ព្ទទៅប្រធានសន្តិសុខយាមការពារ បរិវេណផ្សារលើឈ្មោះសារឿន ឲ្យមកជួយ ពិនិត្យមើលស្រាប់តែគាត់ឆ្លើយថា គេនៅ ឆ្ងាយណាស់គេមិនដឹងទេ ។
ក្រោយពេលជួបមុខជជែកគ្នាជាមួយឈ្មោះសារឿន ប្រធានសន្តិសុខការពារផ្សារ លើបានបោះពាក្យសម្តីដាក់គាត់(ម្ចាស់ តូប)ថា ឲ្យសំណងតែចំនួន៥០០ដុល្លារ បើមិនយកចង់ទៅប្តឹងក៏ប្តឹងទៅគេមិនខ្វល់ឡើយ ហើយការបាត់របស់របរក្នុងផ្សារលើនេះត្រូវបានគេលាក់យ៉ាងស្ងាត់មិនមាន នរណាម្នាក់បានដឹងនោះឡើយ ។
តែទោះជាយ៉ាងណាខាងភាគីម្ចាស់តូបលក់ទូរស័ព្ទដៃបានដាក់ពាក្យបណ្តឹងមក នគរបាលក្រុងដើម្បីរកដំណោះស្រាយ តែមកដល់ពេលនេះនៅមិនទាន់មានពន្លឺអ្វីឡើយដែលធ្វើឲ្យពួកគាត់អស់សង្ឃឹមជាខ្លាំង ខណៈពួកគាត់បានបង់ប្រាក់ជាប្រចាំខែតាមតូចតាមធំ១៥.០០០រៀលលើថ្លៃការពារមិនដែលខាននោះទេ ។
ប្រភពមួយផ្សេងទៀតបានបង្ហើបឲ្យ ដឹងថា មានការបាត់បង់សម្ភាររហូតដោយសារក្រុមចោរចូលគាស់តូបលួចយករបស់ របរក្នុងផ្សារកើតឡើងមិនដែលលស់នោះឡើយដែលធ្វើឲ្យពួកគាត់មានការបារម្ភជានិច្ចចំពោះទ្រព្យសម្បត្តិដែលដាក់ទុកនៅ តូបក្នុងផ្សារ ហើយមិនដែលមាននរណា ទទួលខុសត្រូវ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះអាជីវករលក់ដូរក្នុងផ្សារលើសំណូមពរដល់អាជ្ញាធរ ខេត្តក៏ដូចជាអាជ្ញាធរក្រុងកំពង់ឆ្នាំងមេត្តាជួយធ្វើអន្តរាគមន៍លើបញ្ហានេះផង ព្រោះ របស់របរពួកគាត់ទុកដាក់នៅក្នុងតូបលក់ដូរក្នុងផ្សាររាល់ថ្ងៃនេះដូចជាទុកដាក់ផ្សងសំណាងអ៊ីចឹងណាមួយភ័យខ្លាចភ្លើងឆេះណាមួយភ័យខ្លាចក្រុមចោរចូលលួច។ ព្រោះសន្តិសុខសុវត្ថិភាពក្នុងផ្សារធូររលុងពេលបាត់មិនដឹងប្តឹងខាងណាបើសន្តិសុខមិនទទួលខុសត្រូវផងនោះ ។
កន្លងមកសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងក៏ធ្លាប់បានជំរុញឲ្យប្រធានសន្តិសុខការពារផ្សារបង្កើនការការពារសន្តិសុខ បន្ថែមជុំវិញផ្សារធ្វើយ៉ាងណាឲ្យមានសន្តិសុខសណ្តាប់ធ្នាប់បានល្អជៀសវាងកើតមានបញ្ហាណាមួយដល់បងប្អូនអាជីវកលក់ ដូរក្នុងផ្សារលើនេះ ។
ពាក់ព័ន្ធករណីខាងលើមិនអាចសុំការបំភ្លឺពីប្រធានសន្តិសុខផ្សារលើបានទេក្នុង នាមអ្នកការពាររបស់របរអាជីវករតែមិន ទទួលខុសត្រូវ ៕ សហការី