ភ្នំពេញ: ជនសង្ស័យ២នាក់ ដួលរួចរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់បុរសជនជាតិចិនម្នាក់ តែមិនបានសម្រេច។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១១និង៥០នាទីយប់ នៅចំណុចមហាវិថីម៉ៅសេទុង ទល់មុខនឹងស្ថានទូតចិន សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូ Smash V ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-7612 ជិះតាមបណ្តោយមហាវិថីម៉ៅសេទុង ទល់មុខនឹងស្ថានទូតចិនក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាពឆក់យកទូរសព្ទរបស់បុរសជនជាតិចិនម្នាក់ ដែលកំពុងជិះលើរម៉កកង់បីក្នុងទិសដៅស្របគ្នា តែមិនបានសម្រេច ព្រោះមានការប្រទាញប្រតោងគ្នា បណ្តាលឲ្យជនសង្ស័យទាំង២នាក់ដួល រួចរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូ និងទូរសព្ទដៃរបស់ជនរងគ្រោះនៅកន្លែងកើតហេតុ ចំណែកឯជនរងគ្រោះដែលជាជនជាតិចិនខាងលើ មិនចង់មានរឿងវែងឆ្ងាយក៏បានរើសទូរសព្ទដៃរបស់ខ្លួន ហើយជិះរម៉កកង់បីបន្តដំណើរទៅទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកជនសង្ស័យខាងលើផងដែរ៕ ស រស្មី