ប៉ោយប៉ែតៈ ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងប្រុស ស្រី៤នាក់បានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីរថយន្តក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ៥៨ បានបុក កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជា៤ ឋិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកនាយប៉ុស្តិ៍អូរបីជាន់ខេង សុផលបានមាប្រសាសន៏ថា ក្មេងរងគ្រោះដែលរថយន្តខាងលើបុកនោះទី១ មានឈ្មោះ ហ៊ឹម រ៉ាឃីម ហៅរុញ ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសធ្ងន់ ទី២មានឈ្មោះ សោន ស្រីដាវ ភេទស្រី អាយុ១០ឆ្នាំ រងរបួសធ្ងន់ ទី៣មានឈ្មោះ ស្រឿន ស្រីប៉ល់ ភេទស្រី អាយុ១២ឆ្នាំ រងរបួសធ្ងន់់ និងទី៤ ឈ្មោះហ៊ឹម រស្មី ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាប្អូនហ៊ឹម រ៉ាឃីម ហៅរុញ អ្នកទាំងអស់គ្នារស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
លោកថា មុនកើតហេតុឈ្មោះ ហ៊ឹម រ៉ាឃីម ហៅរុញ ភេទប្រុស អាយុ១៦ឆ្នាំ បានជិះម៉ូតូសង់សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M.6679 ដឹកក្មេងស្រីចំនួន៣នាក់ ចេញពីផ្ទះទៅផ្សារក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តបង្កក្បាលរថយន្តពណ៏ សលាយក្រហមមិនមានស្លាកលេខ បានបើកចេញពីការដ្ឋានក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុជាផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ក៏បុកម៉ូតូជនរងគ្រោះតែម្ដង។
ក្រោយពីបុករថយន្តបង្កបានបើកគេចខ្លួនរហូតដល់ជើងភ្នំតែហាំង ទើបកម្លាំងសមត្ថកិច្ចនៅទីនោះស្ទាក់ចាប់បាន ចំណែកតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់។
ចំពោះក្មេងរងគ្រោះទាំងបួននាក់ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យអូរបីជាន់ ដោយសភាពរបួសធ្ងន់ ក៏បានដឹកបញ្ជមកមន្ទីរពេទ្យបង្អែក ដោយឡែកក្មេងស្រីម្នាក់ឈ្មោះ ស្រឿន ស្រីប៉ល់ អាយុ១២ឆ្នាំ បានស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
រីឯម៉ូតូជនរងគ្រោះខូចខាតស្ទើរទាំងស្រុង ចំពោះយាន្តយន្តទាំងពីរត្រូវកម្លាំងសមត្ថកិច្ចយកទៅរក្សារទុកនៅប៉ុស្ដិ៍អូរបីជាន់រក្សាទុកដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា