ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាគាស់បន្ទប់របស់កម្មកររោងចក្រជួលម្នាក់ ត្រូវប្រជាពលរដ្ធចាប់បាននាំគ្នាព្រួតគ្នា បែកក្បាកឈាមជោគ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិចោមចៅយកទៅសួរនាំបន្ទាប់ពីជននោះកំពុងធ្វើសកម្មភាព។
ហេតុការណ៍ឃាត់ខ្លួនបាននេះ នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី ១០ សីហា ២០១៧ នៅចំណុចផ្ទះជួលក្រោយរោងចក្រ QMI ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ឌី បឿ អាយុ១៨ ស្នាក់នៅភូមិកើតហេតុខាងលើ ស្រុកកំណើតភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យដើរចូលប្លុកផ្ទះជួល ខាងលើដោយមានការសង្ស័យ ហើយមិនដែលឃើញជាមនុស្សជួលផ្ទះនៅទីនោះ ហើយកន្លងមកធ្លាប់មានករណីគាស់បន្ទប់លួចរបស់របរ ក៏មានប្រជាពលរដ្ធនៅផ្ទះជួលតាមឃ្លាំមើល ក៏ឃើញជនសង្ស័យឡើងទៅជាន់ទី១ ធ្វើសកម្មភាពឆ្គឹះសោរបន្ទប់ តែមិនទាន់បានលួចនោះ ក៏ត្រូវប្រជាជនដែលជួលប្លុកនោះ នាំគ្នាឡោមព័ទ្ធ ស្ទាក់ចាប់បាន ព្រួតវាយម្នាក់១ដៃ១ជើងរហូតបែកក្បាលហូរឈាមស្រោចមុខ។
ក្រោយពីវាយអស់ចិត្តហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅសួរនាំ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ធបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅផ្នែកជំនាញនៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ សុខាសែនជ័យ