ភ្នំពេញ៖ បន្ទាប់ពីខិតខំលើកការងារស្រាវជ្រាវរកស្នាដៃភាពយន្តខ្មែរ ពីអតីតកាលអស់ជាច្រើនឆ្នាំ ក្រុមយុវជនមួយក្រុមឈ្មោះ”ក្រុមព្រះសូរិយា” បានប្រកាសថានឹងផ្អាកការងាររបស់ខ្លួនត្រឹមពេលនេះព្រោះតែពួកគេមិនមានលទ្ធភាពបន្តធ្វើការទាំងការចំណាយថវិកាផ្ទាល់ខ្លួន ។
អស់រយៈពេល៦ឆ្នាំ ដែល“ក្រុមព្រះសូរិយា”បានខិតខំតស៊ូស្វិតស្វាញនឹងការងារសម្រេចបានស្នាដៃធំធេញគួរឲ្យកត់សម្គាល់ទាំងការសិក្សាស្រាវជ្រាវពីប្រវត្តិសិល្បករ ប្រមូលស្នាដៃ ចង់ក្រង និងបង្កើតកម្មវិធីជាច្រើនដើម្បីគាស់រំលឹកអនុស្សាវរីយ៍ស្នាដៃសិល្បៈភាពយន្តពីអតីតកាលរបស់កម្ពុជាបង្ហាញដល់យុវជនជំនាន់ក្រោយបានស្គាល់។ ជាក់ស្តែងកម្មវិធីចុងក្រោយដែលធ្វើឲ្យមានការកោតសរសើរខ្លាំងគឺព្រឹត្តិការណ៍“មួយម៉ឺនអាល័យ”ដែលរៀបចំនៅសាលមហោស្រពចតុមុខកាលពីចុងសប្តាហ៍មុននេះជាដើម។
ប្រធានក្រុមព្រះសុរិយាលោកយាងវណ្ឌីបញ្ជាក់ថា ព្រឹត្តិការណ៍“មួយម៉ឺនអាល័យ”ត្រូវបានបង្កើតឡើងរយៈពេល២ឆ្នាំមកហើយប៉ុន្តែនេះអាចជាលើកចុងក្រោយនៃកម្មវិធីដ៏មានអត្ថន័យនេះ។ លោកថាក្រុមការងារមិនមានជំនួយក្នុងការបន្តកិច្ចការជាច្រើនបើទោះបីជាមានគម្រោងក្នុងដៃទៅហើយក្តី។
លោកថាឆន្ទៈក្នុងបំពេញការងាររបស់ពួកលោកគឺនៅតែមានប៉ុន្តែពួកលោកជាយុវជនពិបាកនឹងស្វែងរកថវិកាមកទ្រទ្រង់សកម្មភាពខណៈដែលការងារជាច្រើនត្រូវការថវិកាមួយចំនួនដើម្បីរៀបចំស្រាវជ្រាវ គ្រាដែលស្នាដៃសិល្បៈខ្លះក្រុមការងារត្រូវចេញទៅរកនៅប្រទេសជិតខាងក្តី។ ទោះជាយ៉ាងណាលោកបង្ហាញពីអារម្មណ៍មោទនភាពដែលកន្លងមកក្រុមការងារសហការសមគ្គីគ្នាបានល្អក្នុងការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយស្នាដៃសិល្បៈភាពយន្តខ្មែរពីជំនាន់មុន។ លោកពិតជាសោកស្តាយដែលព្រឹត្តិការណ៍”មួយម៉ឺនអាល័យ”របស់ក្រុមការងារលោកមិនអាចមានជាលើកទី៣បាន។ លោកថាក្រោយពីទទួលដំណឹងនេះក្រុមយុវជនមានការសោកស្តាយខ្លាំងព្រោះតែពួកគេមិនមានឱកាសក្នុងបន្តកិច្ចការងារដែលពួកគេស្រលាញ់នេះ។
ព្រឹត្តិការណ៍“មួយម៉ឺនអាល័យ”លើកទី២ប្រចាំឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤សីហានៅសាលមហោស្រពចតុមុខដែលមានការដាក់បញ្ចាំងនូវភាពយន្តមួយចំនួនដូចជារឿង“មួយម៉ឺនអាល័យ”រឿង“បីសាចតណ្ហា”រឿង“បំណុល”រឿង“ចន្ទគ្រឹហ្វា”ជាដើម៕ វឌ្ឍនា