ភ្នំពេញៈ សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនយុវជន៣នាក់ ដោយបានលាក់ទុកដាវសាំ ម៉ូរៃមួយដើមជាប់ម៉ូតូជនសង្ស័យ៣នាក់ ជិះម៉ូតូកាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះសុខ ច័ន្ទ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាជំនួយការកាត់ដេរ, ឈ្មោះ អ៊ុក ស៊ី ថា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យ និងឈ្មោះ កាក់ ឌឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាចុងភៅ ។
បើតាមប្រភពពត័មានពីជនសង្ស័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ពួកគេ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CW- 6708 មានគ្នា៣នាក់ ធ្វើដំណើរតាំងពីខេត្តកណ្តាល មកលេងភ្នំពេញ មកខួបកំណើតមិត្តភក្តិ ពេលជិះម៉ូតូតាមផ្លូវស្រាប់ឃើញដាវសាំមរៃមួយដើមហើយពួកខ្ញុំក៏បានរើសយកមកទុកតាមម៉ូតូម៉ងទៅ ហើយក៏បានមកចូលរួមកម្មវិធីមិត្តភក្តិ ក្រោយពីបានចូលរួមកម្មវិធីមិត្តភក្តិរួចពួកខ្ញុំក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ខណៈកំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នយុវជនទាំង៣នាក់ខាងលើ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកបញ្ជូនទៅអធិការដ្នាននគរបាលខណ្ឌចំការមនចាត់ការតាមច្បាប់៕ ស រស្មី