ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ដួលត្រូវរថយន្តកុងតឺន័របើកមកបុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល២នាក់នៅផ្លូវវេងស្រេង

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នា ហើយបត់ត្រឡប់ក្រោយមិនប្រយ័ត្នបណ្ដាលឲ្យដួល ត្រូវបានរថយន្តកុងតឺន័របើកមកបុកពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខកុងសុីកាប់ជ្រូក តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គេសង្កេតឃើញមានយុវជន២នាក់ជិះម៉ូតូឌុបគ្នា ដោយម៉ូតូហង់ដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FI-2524 បានធ្វើដំនើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ខណះមកដល់ចំនុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវដើម្បីត្រឡប់ក្រោយ ដោយពួកគេបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏បណ្ដាលឲ្យដួល ស្របពេលនោះស្រាប់តែមានរថយន្តបង្កម៉ាកFUSO ប្រភេទកុងតឺន័រ ពណ៌ត្រីអី ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0079 បានបើកបរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតមកបុកម៉ូតូពីចហៀងទាំងកំពុងដួល បណ្ដាលឲ្យកិនដៃយុវជនម្នាក់ជាអ្នកឌុបអូសជិត៣ម៉ែត្រ ដាច់សាច់ចេញឈាមរងរបួសធ្ងន់ ចំណែកឯយុវជនម្នាក់ទៀតរងរបួសបន្តិចបន្ទួចតែប៉ុណ្ណោះ ហើយម៉ូតូក៏រងការខូចខាតបន្តិចបន្តួចផងដែរ ។

ក្រោយពេលកើតហេតុ យុវជនម្នាក់ដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយចុះមកដឹកយកទៅសង្គ្រោះនៅឯនម្ទីរពេទ្យផងដែរ ចំណែកឯម៉ូតូ និងរថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចដែលទទួលជំនាញផ្នែកចរាចរណ៍ចុះមកវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖