ព័ត៌មានទាន់ហេតុការណ៍៖

ចិនព្រមាន ទាំងអាមេរិកនិងកូរ៉េខាងជើង ដែលបង្កឲ្យមានភាពតានតឹង

ចែករំលែក៖

សារព័ត៌មានចិនបានព្រមានដល់ អាមេរិក និងកូរ៉េខាងជើង ដោយក្នុងនោះបានបញ្ជាក់ថា ទីក្រុងប៉េកាំនឹងរារាំង ការវាយប្រហារ របស់អាមេរិក និងកូរ៉េខាងត្បូង ទៅលើកូរ៉េខាងជើង ។ ទទឹមនឹងនោះចិនក៏បានប្រកាសថា នឹងមិនកាន់ជើងសម្ព័ន្ធមិត្តកូរ៉េខាងជើង ឡើយ បើអាមេរិកវាយប្រហារនោះ។

សារព័ត៌មានចិនបានបញ្ជាក់ទៀតថា ទីក្រុងប៉េកាំង នឹងរារាំង អាមេរិកវាយប្រហារផ្តួលរំលំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដឹកនាំដោយលោកគីមជុងអ៊ុន។ ចិននឹងដើរតួនាទីជា អាជ្ញាកណ្តាល បើកូរ៉េខាងជើង បាញ់មីស៊ីលទៅលើទីតាំងរបស់អាមេរិក ហើយអាមេរិកវាយបកទៅលើកូរ៉េខាងជើងវិញនោះ។

ប៉ុន្តែប៉អាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ព្យាយាមផ្តួលរំលំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ផ្លាសប្តូររបបដឹកនាំរបស់ប្រតេសនេះ ចិននឹងមិនអនុញ្ញាត្តិឲ្យធ្វើបែបនេះឡើយ។ ប៉ុន្មានថ្ងៃកន្លងមកចិនបង្ហាញក្តីបារម្ភយ៉ាងខ្លាំង នៅការប្រឈមមុខតានតឹងរវាង អាមេរិកនិងកូរ៉េខាងជើង។

សារព័ត៌មានចិនបានផ្សាយថា«បើមានសង្គ្រាមកើតឡើងនោះអាមេរិក មិនទទួលបានផលប្រយោជន៍អ្វីនោះឡើយ ហើយកូរ៉េខាងជើង ក៏ត្រូវប្រឈមនឹងបញ្ហា វិបត្តិទ្រងទ្រាយធំមិនធ្លាប់មាន។ គោលដៅរបស់កូរ៉េខាងជើង គឺចង់ពិភាក្សាជាមួយអាមេរិក ប៉ុណ្ណោះ ប៉ុន្តែ អាមេរិកចង់ឲ្យកូរ៉េខាងជើងស្ថិតនៅក្រោមការ គ្រប់គ្រងរបស់អាមេរិក»។

នៅពេលនេះទីក្រុងប៉េកាំង មិនអាចបញ្ចុះបញ្ចូល អាមេរិកនិងកូរ៉េខាងជើង ឲ្យពិភាក្សា ក្នានៅពេលនេះឡើយ ។ ក៏ប៉ុន្តែចិនបានគំរាមថា បើភាគីទាំងពីរ ធ្វើឲ្យចិន ត្រូវខាតបង់នោះ ចិន នឹងតបតវិញយ៉ាងចាសដៃបំផុត មិន យលយោគឡើយ។

រដ្ឋាភិបាលចិន បានបញ្ជាក់ថា ភាគី ពាក់ព័ន្ធ នៅក្នុងវិបត្តិកូរ៉េខាងជើង ត្រូវតែមានការនិយាយស្តីដោយប្រុងប្រយ័ត្នបំផុត បញ្ចៀស ភាពតានតឹងកាន់តែខ្លាំងឡើង។

ការប្រមាណរបស់ចិន កើតឡើង ក្នុងពេលដែល អាមេរិកនិងកូរ៉េខាងជើង កំពុងតែឌឺដងដាក់គ្នា គំរាមកំហែងគ្នា ទៅវិញទៅមក។ ក្រុមអ្នកវិភាគបានបញ្ជាក់ថា នៅពេលនេះអាមេរិក រងការអាម៉ាសយ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក ដោយការគំរាមរបស់កូរ៉េខាងជើង ។ អាមេរិក មិនដែលរងការគំរាមពីប្រទេសណាមួយឡើយពីមុនមក ។ ការធ្វើឲ្យអាមេរិកត្រូវអាម៉ាសបែបនេះ តើ កូរ៉េខាងជើង អាចរួចខ្លួនដែរឬទេ?។

ពាក់ព័ន្ធនឹងស្ថានភាពនៅឧប្បទ្វីបកូរ៉េ នៅពេលនេះដែរ បណ្តាញព័ត៌មានជាច្រើនរបស់កូរ៉េខាងត្បូង បានជំរុញ ឲ្យរដ្ឋាភីបាល ផលិតអាវុធនុយក្លេអ៊ែរ ដើម្បីតប់តជាមួយកូរ៉េខាងជើង​។ បើមិនដូច្នោះទេ ការគំរាមពីកូរ៉េខាងជើងនៅតែបន្ត។

ប្រតិកម្មទៅនឹងសំណើខាងលើ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោកសុង យុងម៉ូបានប្រាប់ថាកូរ៉េខាងត្បូងមិនបានគ្រោងផលិតអាវុធបរមាណូទេ ប៉ុន្តែលោកបានប្រាប់ដែរថាកូរ៉េខាងត្បូងមានសមត្ថភាពពេញលេញក្នុងការផលិតអាវុធនុយក្លេអ៊ែរ​។ ឥឡូវនេះ ស្ថានការណ៍កាន់តែតានតឹង នៅឧបទ្វីបកូរ៉េ។ លោកដូណាល់ ត្រាំនិងលោកគឹម ជុងអ៊ុន នៅតែបន្តសង្គ្រាមពាក្យសំដីជាមួយគ្នារៀងរាល់ថ្ងៃ​។ ប្រជាជនកូរ៉េខាងត្បូងប្រហែលជាកាន់តែពិបាកទុកចិត្តថាអាមេរិកអាចជួយកូរ៉េខាងត្បូងណាស់ ករណីមានការវាយប្រហារពីកូរ៉េខាងជើង​។ ចលនាទាមទារឲ្យរដ្ឋាភិបាលគិតគូរឡើងវិញពីការផលិតអាវុធនុយក្លេអ៊ែរទុកការពារខ្លួន កាន់តែមានច្រើន​។ កាសែតក្នុងស្រុកជាច្រើនបានជំរុញសេអ៊ូលឲ្យគិតគូររឿងនេះកុំចាំតែសង្ឃឹមលើអាមេរិកជួយពេក។ កាសែត ដូចជា Korea Economic Daily បានទាមទារកូរ៉េខាងត្បូងមានជម្រើសយោធាផ្ទាល់ខ្លួន​។ សារព័ត៌មានក្នុងស្រុកមិនចង់ឲ្យរដ្ឋាភិបាលពឹងតែលើអាមេរិកពេកទេអាមេរិកខ្លួនឯងក៏ត្រូវកូរ៉េខាងជើងគំរាមព្រមានកាន់តែធ្ងន់ដែរឥឡូវនេះ​។ ជាក់ស្តែង ម្សិលមិញនេះកងទ័ពកូរ៉េខាងជើងបានបង្ហាញលម្អិតផែនការបាញ់មីស៊ីល៤ដើមដំណាលគ្នាឆ្ពោះទៅកោះហ្គាំ នៅប៉ាស៊ីហ្វិក។ ផែនការនេះត្រូវបានបង្ហាញបែបហ្មត់ចត់ណាស់ ដូច្នេះក្រុងព្យុងយ៉ាងប្រហែលមិនលេងសើចទេ។

ដោយឡែកកូរ៉េខាងត្បូងគ្មានសិទ្ធិផលិតអាវុធនុយក្លេអ៊ែរទុកការពារខ្លួនទេដោយសារបានចុះហត្ថលេខាលើសន្ធិសញ្ញាថាមពលបរមាណូ ជាមួយអាមេរិកកាលពីឆ្នាំ១៩៧៤។ យោងតាមសន្ធិសញ្ញានេះកូរ៉េខាងត្បូងមិនផលិតអាវុធបរមាណូ ប៉ុន្តែទទួលបានការការពារពីសហរដ្ឋអាមេរិក។

ក្រៅពីជំរុញឲ្យក្រុងសេអ៊ូលគិតគូររឿងផលិតអាវុធនុយក្លេអ៊ែរទុកការពារខ្លួនសារព័ត៌មានកូរ៉េខាងត្បូងក៏បានដាក់លក្ខខណ្ឌទៅអាមេរិកផងដែរថាបើអាមេរិកមិនចង់ឃើញកូរ៉េខាងត្បូងផលិតគ្រាប់បែកនុយក្លេអ៊ែរទុកការពារខ្លួនទេទាល់តែអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងទឹកដីកូរ៉េខាងត្បូង ដើម្បីជួយការពារកូរ៉េខាងត្បូង។

ក្រោយសង្គ្រាមកូរ៉េឆ្នាំ១៩៥៣ អាមេរិកធ្លាប់បានពង្រាយអាវុធនុយក្លេអ៊ែរមួយចំនួនដែរ ក្នុងទឹកដីកូរ៉េខាងត្បូង ប៉ុន្តែ ក្រោយមកទៀតអាមេរិកក៏ដកអាវុធទាំងនោះចេញទៅវិញ ដោយសារតែ កាលពីឆ្នាំ១៩៩១បងប្អូនកូរ៉េទាំង២សន្យារួមគ្នាថានឹងធ្វើឲ្យឧបទ្វីបកូរ៉េទទួលបានសុខសន្តិភាព។ ប៉ុន្តែ ឆ្នាំ២០០៦ក្រុងព្យុងយ៉ាងបែរជាបានសាកល្បងនុយក្លេអ៊ែរជាលើកទី១ ហើយឆ្នាំ២០០៩ក៏បានទាត់ចោលពាក្យពេចន៍សន្យាទាំងនេះជាផ្លូវការទៀត។ អញ្ចឹងកូរ៉េខាងត្បូងត្រូវប្រឈមការគំរាមនុយក្លេអ៊ែរនិងមីស៊ីលពីកូរ៉េខាងជើងជាប្រចាំវិញទៅ។ ការស្ទាបស្ទង់មតិមួយក្នុងឆ្នាំ២០១៦កន្លងទៅ បង្ហាញថា ប្រជាជនកូរ៉េខាងត្បូង៥៧ភាគរយពេញចិត្តឲ្យជាតិខ្លួនមានអាវុធនុយក្លេអ៊ែរទុកការពារខ្លួន៣១ភាគរយទៀតជំទាស់។

បើនិយាយពីសមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងគឺខ្ពស់ជាងកូរ៉េខាងជើងឆ្ងាយណាស់​។ កូរ៉េខាងត្បូងជាប្រទេសជឿនលឿនគ្រប់វិស័យ ជឿនលឿនផ្នែកបច្ចេកវិទ្យា​។ កូរ៉េខាងត្បូងមានជំនាញនិងសមត្ថភាពមិនចាញ់ជប៉ុនទេ នៅអាស៊ី​ក្រុមជំនាញហ៊ានរហូតលើកឡើងថា ដើម្បីផលិតគ្រាប់បែកបរមាណូ១គ្រាប់កូរ៉េខាងត្បូងត្រូវការពេលតែប៉ុន្មានខែប៉ុណ្ណោះ។ ប៉ុន្តែបើយោងតាមក្រុមជំនាញ បញ្ហាធ្ងន់ស្ថិតត្រង់ថាបើកូរ៉េខាងត្បូងផលិតគ្រាប់នុយក្លេអ៊ែរការពារខ្លួនមែននោះកូរ៉េខាងជើងនឹងក្តៅក្រហាយ ហើយរឹតតែមិនចង់ចូលមកចរចា។

បើក្រុងសេអ៊ូលផលិតគ្រាប់បែកនុយក្លេអ៊ែរស្ថានការណ៍ឧបទ្វីបកូរ៉េក៏កាន់តែស្ថិតកៀកក្បែរសង្គ្រាម​។ ប្រទេសនៅអាស៊ីដូចជាជប៉ុន រឺក៏តៃវ៉ាន់ ច្បាស់ជាប្រុងជើងការដូចគ្នាប្រទេសទាំងនេះមិនអាចបណ្តោយឲ្យសង្គ្រាមបំផ្លិចបំផ្លាញទឹកដីសម្លាប់ប្រជាជនពួកគេទេ។ ជប៉ុនអាចនឹងយកលេស សើរើរដ្ឋធម្មនុញ្ញឡើងវិញដើម្បីអភិវឌ្ឈន៍អាវុធនុយក្លេអ៊ែរនឹងគេដែរ ៕ ម៉ែវ សាធី


ចែករំលែក៖