ភ្នំពេញ៖លោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១២ ខែសីហា សម្រេចបញ្ជូនជនសង្ស័យម្នាក់ទៅមណ្ឌលបន្សាបគ្រឿងញៀន ខណៈស្ត្រីម្នាក់អះអាងថា ជននេះបានរំលោភសេពសន្ថវៈលើខ្លួនតែមិនបានសម្រេច ។ ស្ត្រីរងគ្រោះ ដង្ហោយរកយុត្តិធម៌ និង គ្រោងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ។ ប៉ុន្តែ លោក ចែ សុង ឆ្លើយតបថា ជនសង្ស័យគ្មានបទល្មើសប៉ុនប៉ងរំលោភសេពសន្ថវៈ ទេ ។
ការសម្រេចរបស់លោកចែ សុង បានធ្វើឲ្យមានការតវ៉ាពោរពេញដោយទឹកភ្នែករបស់ស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាជនរងគ្រោះនៅក្នុងអំពើប៉ុនប៉ងរំលោភសេពសន្ថវៈពីសំណាក់ជនសង្ស័យ ។
ការតវ៉ារបស់នារីរងគ្រោះ បានធ្វើឡើងនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា កាលពីល្ងាចថ្ងៃទី១២ខែសីហា នៅពេលដែលរូបនាងទទួលដំណឹងពីនគរបាលថា ព្រះរាជអាជ្ញារង ចែ សុង សម្រេចបញ្ជូនឈ្មោះ ជួន ចាន់រី អាយុ៣២ឆ្នាំ មុខរបរជាអង្គរក្ស មានទីលំនៅ ផ្ទះលេខ៥សេ ផ្លូវទី៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅមណ្ឌលបន្សាបគ្រឿងញៀន ដោយមិនពិនិត្យលើរឿងក្ដីរំលោភសេពសន្ថវៈទេ។
ជនសង្ស័យត្រូវបានបាននគរបាលខណ្ឌ៧មករាឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីមានការស្រែកឆោឡោពីស្ត្រីរងគ្រោះម្នាក់ចោទប្រកាន់ជនសង្ស័យថាចាប់រូបនាងរំលោភសេពសន្ថវៈ តែមិនបានសម្រេច នៅចំណុចផ្ទះលេខ១១៨e1 ជាន់ទី១ ផ្លូវលេខ២៤២កែង១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ពាក់ព័ន្ធករណីនេះស្ត្រីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះព្រោះហេតុផលកិត្តិយសបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យឈ្មោះជួន ចាន់រី គឺជាសង្សារប្អូនស្រីនាង ធ្លាប់មកលេងផ្ទះហូបបាយ ងូតទឹកដោយហេតុថាពួកគេរស់នៅដូចប្ដីប្រពន្ធ ហើយនៅថ្ងៃកើតហេតុ ជនសង្ស័យបានឡើងមកលើផ្ទះនាង ចូលទៅមុជទឹកដូចធម្មតា តែពេលនោះប្អូននាងមិននៅផ្ទះទេ។ បន្ទាប់មកឈ្មោះជួន ចាន់រីបានទៅយកស្រាបៀរមួយកំប៉ុងមកផឹក។ ចំណែកខ្លួននាងបានដើរទៅរៀបចំអីវ៉ាន់ក្នុងបន្ទប់ដោយមិនទាន់ទាំងបានបិទទ្វារផង ស្រាប់តែជនសង្ស័យបានស្ទុះចូលមកចាប់ឱបសង្កត់សម្រាតបម្រុងរំលោភសេពសន្ថវៈនាងតែម្ដង។ ពេលនោះនាងបានរើបម្រាស់រួចហើយរត់ចេញមកខាងក្រៅ ស្រែកឆោឡោឲ្យគេជួយតែម្តង ទើបមានអ្នកជិតខាងទូរស័ព្ទប្ដឹង នគរបាលឲ្យមកបានឃាត់ខ្លួនជនសង្ស័យនៅលើផ្ទះក្នុងពេលនោះ។
ពាក់ព័ន្ធនឹងការបញ្ជូនជនសង្ស័យឈ្មោះ ជួន ចាន់រី ទៅមណ្ឌលបន្សាបគ្រឿងញៀន នេះ ស្ត្រីរងគ្រោះ ចាត់ទុកថា ជារឿងមិនត្រឹមត្រូវនោះទេ សម្រាប់រូបនាងជាទីបំផុត ព្រោះនាងប្ដឹងជនសង្ស័យពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ បែរជាលោកព្រះរាជអាជ្ញារង ចែ សុង ពិនិត្យលើជនសង្ស័យ តែពីករណីញៀនថ្នាំទៅវិញ។
ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា ឪពុកម្ដាយជនសង្ស័យ គឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីតុលាការ ទើបអាចបង្វែរសំណុំរឿងប៉ុនប៉ងរំលោភសេពសន្ថវៈទៅជាករណីបន្សាបគ្រឿងញៀនវិញ។
ពាក់ព័ន្ធនឹងភាពមិនប្រក្រតីខាងលើ លោកចែ សុងព្រះរាជអាជ្ញារងទទួលចាត់ការសំណុំរឿងនេះបានប្រាប់អ្នកសារព័ត៌មានថា មិនមានការប៉ុនប៉ងរំលោភសេពសន្ថវៈទេ តែជនសង្ស័យមានសារធាតុញៀនតាមរយៈការធ្វើតេស្តរកសារធាតុញៀន ទើបលោកសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀន៕ចេស្តា