ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសង្រ្គោះបន្ទាន់គ្លីនិកតែវណ្ណាបើកលឿនដូចហោះបោះពួយបុកម៉ូតូកង់បីបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ រថយន្តសង្រ្គោះបន្ទាន់របស់គ្លីនិកឯជន“តែ វណ្ណា” បើកលឿនដូចហោះបោះពួយទៅ​បុកគូថម៉ូតូកង់បីពេញមួយទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ពៅ មារីន ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកស៊ីធី ពាក់ស្លាកលេខភ្នំពេញ 1BV-9699 រួមដំណើរជាមួយមានចំនួន៤នាក់ ទី១-ឈ្មោះ យី សុភក្រ័ ភេទស្រី អាយុ៣៨ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ ខៃ បញ្ញា ភេទប្រុស អាយុ៤ឆ្នាំ(សា្លប់) ទី៣-ឈ្មោះខុន សុខលី ភេទស្រី អាយុ៣៥ឆ្នាំ(របួសធ្ងន់) និងទី៤-ឈ្មោះ ជឹម សុណា ភេទស្រី អាយុ៤៦ឆ្នាំ(របួសធ្ងន់) ។ ជនរងគ្រោះមានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

ចំណែករថយន្ដបង្កម៉ាក ស្តារិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខកំពង់ឆ្នាំង 2A-1317 ជាប្រភេទរថយន្ដសង្រ្គោះបន្ទាន់របស់គ្លីនិកឯកជន “តែ វណ្ណា” បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បានគេចខ្លួចបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដសាមុយបង្កហេតុខាងលើនេះ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅកំពង់ឆ្នាំងដោយល្បឿនលឿន លុះបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថតុកតុក ដែលកំពុងបើកបរនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យតុកតុកក្រឡាប់ខ្ទេចទាំងស្រុងធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរជាមួយស្លាប់ និងរងរបួសដេករណូករណែលនៅលើផ្លូវជាតិ ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្ដបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយឡែកសាកសពជនរងគ្រោះទាំង៣នាក់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការបំភ្លឺពីគ្រួពេទ្យប្រចាំគ្លីនិក តែ វណ្ណា បានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ អ្នកបើកបររថយន្ដសាមុយប្រចាំគ្លីនិកបានបើកដឹកអ្នកជំងឺយកទៅសង្រ្គោះនៅមន្ទីរក្នុងរាជធានីភ្នំពេញ បន្ទាប់ពីជូនអ្នកជំងឺដល់មន្ទីរពេទ្យអ្នកបើកបរបានបើករថយន្ដសាមុយត្រឡប់ទៅកាន់គ្លីនិកវិញ ខណៈបើកដល់ចំណុចកើតហេតុក៏ជួបគ្រោះអកុសលយ៉ាងដូច្នេះ ។

មន្រ្ដីនគបាលចរាចរណ៍ស្រុកពញាឮបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្ដសាមុយបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យជ្រុលទៅបុកគូថតុកតុកយ៉ាងដូច្នេះ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖