ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ចុះបង្រ្កាបល្បែងសុីសង(បៀ)ផ្សេងៗដំណាលគ្នាចំនួន ៦កន្លែង ក្នុងនោះកម្លាំងរិបអូសនូវវត្ថុតាង និងអប់រំដល់ម្ចាស់ទីតាំងផងដែរ។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៧ នៅចំណុចក្នុងព្រៃឬស្សីមាត់អូរ ស្ថិតក្នុងភូមិ.ឃុំរំលេច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចបង្រ្កាបល្បែងសុីសងចំនួន ២កន្លែង លទ្ធផល៖ បង្រ្កាបបានបៀចំនួន ២កន្លែង លទ្ធផល៖ បង្រ្កាបបានចំនួន ១៥៦សន្លឹក .ស្បែងជើងចំនួន ៥គូរ.កន្ទេលចំនួន ២.សម្រាលចំនួន ២ ម៉កចំនួន ២ ចំណែកជនប្រព្រិត្តរត់គេចបាត់អស់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបន្តថា លុះនៅវេលាម៉ោង២ និង២៥នាទី រសៀលថ្ងៃដដែល នៅចំណុចផ្ទះឈ្មោះ ទេស គន្ធា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិព្រៃកន្ទួត និងចំណុចផ្ទះឈ្មោះ ជឿង ហាន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិបោសគ ឃុំតាលោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបង្រ្កាបបានចំនួន ២កន្លែង លទ្ធផល៖ បង្រ្កាបបានចំនួន ២ហ៊ូ ចំណែកជនប្រព្រិត្តរត់គេចអស់ ដោយឡែកម្ចាស់ផ្ទះបានអប់រំ និងធ្វើកិច្ចសន្យាផងដែរ។
លោក អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបន្តទៀតថា ចំណែកនៅចំណុចមាត់ប្រឡាយទឹក ស្ថិតក្នុងភូមិអង្កាញ ឃុំមេទឹក ស្រុកបាកានឯនេះវិញ នារសៀលដដែលនេះដែរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ក៍បានបង្រ្កាបល្បែងសុីសងបានចំនួន ១កន្លែងដែរ ដោយលទ្ធផល៖ បង្រ្កាបបានបៀចំនួន ១ហ៊ូ កម្រាលចំនួន ២ ស្បែកជើងចំនួន ៣គូរ ដោយឡែកជនប្រព្រិត្តបានរត់គេចខ្លួនបាត់អស់ ចំណែកវត្ថុតាងត្រូវបានរិបអូសរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរៀងៗខ្លួន៕ ប៉ឹម ពិន