ភ្នំពេញ៖ តារាសម្តែងប្រុសលឹម ជាឡាយ ស្រាប់តែលេចចេញវត្តមានស្និទ្ធិស្នាលប្លែកជាមួយតារាស្រី គៀត សុវណ្ណាឡាង ក្រោយពីពួកគេបានសម្តែងរួមគ្នាក្នុងភាពយន្តរឿង”អាពាហ៍ពិពាហ៍ចម្លែក” និងរឿងមួយចំនួនទៀតរបស់ផលិតកម្ម LD។
អ្នកក្នុងបង្កោមសិល្បៈលើកឡើងថា រងើកស្នេហ៍ពួកគេបានឆាបឆេះឡើង ក្រោយដំណឹងបែកស្នេហ៍របស់ លឹម ជាឡាយ និងអ្នកមេមាយចាយរាង កែវ និសា។
ស្របពេលដែលភាពយន្តភាគរឿង”អាពាហ៍ពិពាហ៍ចម្លែក”ដែលនាងសម្តែងរួមជាមួយលឹម ជាឡាយកំពុងតែទទួលបានការគាំទ្រច្រើន ស្នេហាក្រៅឆាករបស់ពួកគេក៏កំពុងតែផ្ទុះឡើងដែរ។ ជាញឹកញាប់ វត្តមានអ្នកទាំងពីរបានបណ្តើរគ្នាយ៉ាងត្រសងចូលរួមកម្មវិធីផ្សេង ដែលសូម្បីតែទៅមើលកុនក៏ពួកគេបង្ហាញខ្លួនជាសារណៈមិនខ្លាចភ្នែកទស្សនិកជនដែរ។
ប្រភពពីអ្នកសិល្បៈលើកឡើងថាស្នេហារបស់ពួកគេបានឆាបឆេះឡើងក្រោយពេលពួកគេមានឱកាសនៅជិតគ្នាពិសេសពេលសម្តែងជាមួយគ្នានៅផលិតកម្ម LD Picture ។ ប្រភពដដែលលើកឡើងថា ពួកគេកាន់តែល្អូកល្អឺនក្រោយពី លឹមជាឡាយ បែកស្នេហ៍អ្នកមេមាយកែវ និសា។
ក្នុងជំនួបកាលពីពេលថ្មីៗនេះគៀត សុណ្ណាឡាងបានច្រានចោលការលើកឡើងថា ពួកគេជាគូស្នេហ៍ក្រៅឆាកដែរនាងថា ក្រោយបានសម្តែងជាតួឯករួមគ្នានៅក្នុងរឿង“អាពាហ៍ពិពាហ៍ចម្លែក”របស់CTNទស្សនិកជន និងអ្នករួមអាជីពបែជាគិតថាពួកនាងទាក់ទងគ្នាទៅវិញ អាចដោយសារអារម្មណ៍ដិតដាមនឹងសាច់រឿងក៏ថាបាន។នាងថាទំនាក់ទំនងនាង និងលឹម ជាឡាយ រាប់អានគ្នាជិតស្និទ្ធក្នុងនាមជាមិត្តភក្តិរួមអាជីពគឺគ្មានអ្វីលើសពីនេះទេ។
សុវណ្ណាឡាងបានបង្ហើបឱ្យដឹងថាមានមិត្តភក្តិក្នុងសិល្បៈក៏ដូចជាអ្នកគាំទ្រនាងមួយចំនួនក៏ចង់ឱ្យនាងនិងជាឡាយក្លាយជាដៃគូស្នេហាផងដែរប៉ុន្តែអំឡុងពេលនេះនាងចង់បញ្ជាក់ថារវាងនាងជាមួយលោកលឹមជាឡាយគ្រាន់តែជាមិត្តរួមអាជីពតែប៉ុណ្ណោះប៉ុន្តែសម្រាប់ថ្ងៃខាងមុខនាងមិនទាន់ដឹងនោះទេ។
សុវណ្ណាឡាងនៅតែអះអាងថានាងពុំបានប្រឡូកស្នេហាត្រីកោណជាមួយលោកលឹមជាឡាយនោះទេគឺគ្រាន់តែជាមិត្តភាពធម្មតាតែប៉ុណ្ណោះ ហើយនាងក៏មិនមែនជាអ្នកទី៣ដែរ។ ការបកស្រាយនេះសង្ឃឹមថាទស្សនិកជននឹងបញ្ចប់ការយលច្រឡំ៕ វឌ្ឍនា