ភ្នំពេញ៖ លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងតាមរយៈសារអេឡិចត្រូនិក ឬ តេឡេក្រោម នាព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧ថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែសីហានេះ សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យអត្តពលិកជនពិការនៃកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលជួបសម្តែងការគូសម និង ផ្តល់អនុសាសនានាជុំវិញការត្រៀមខ្លួន ក៏ដូចជា ការចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី៩នៅប្រទេសម៉ាឡេស៊ី នាខែក្រោយនេះ ។
លោកអគ្គលេខាធិការ បានឲ្យដឹង នៅឱកាសនោះដែរ សម្តេចតេជោ អនុញ្ញាតឲ្យ ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករកីឡាការិនី ជនពិការ ព្រមទាំង អណាព្យាបាល ចូលជួបសម្តែងការគូសមនាវេលាព្រឹកស្អែកនេះក៏មានពិធីប្រគល់ថវិកាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់កីឡាករ ជនពិការកម្ពុជា ដែលទើបទទួលបាន មេដាយមាសនិងមេដាយសំរឹទ្ធិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិករដូវក្តៅ យុវជនជនពិការនៅសាធារណរដ្ឋកូរ៉េផងដែរ។
អ្នកស្រី សុង សុខលាភ អ្នកសម្របសម្រួលរដ្ឋបាល និងជាគ្រូបង្វឹកកីឡាអត្តពលកម្ម នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រាប់ភ្នាក់ងារយកព័ត៌មាន កាសែត និងវេសាយ នគរវត្ត ឲ្យដឹងតាមទូរស័ព្ទបន្ថែមថា ចំពោះព្រឹកថ្ងៃទី១៧ខែសីហាស្អែកនេះ អត្តពលិក អណាព្យាបាល ជនពិការ គ្រូបង្វឹក និងប្រតិភូអម ប្រមាណ១៣០នាក់ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដើម្បីចូលជួបសម្តែង ការគូសម ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព មុនពួកយើងចេញដំណើរ ទៅចូលរួមប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩នៅប្រទេសម៉ាឡេស៊ី ។
លោកស្រី បានបន្ថែមថាបន្ទាប់ពីការសំណេះសំណាល របស់សម្តេច តេជោ រួច ក្នុងឱកាសនោះ សម្តេចក៏បានផ្តលកិត្តិយស ផ្តលជូននូវប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ ជនពិការ២នាក់ គឺកីឡាករ យ៉ាវ វណ្ណៈ ឈ្នះមេដាយមាសលើវិញ្ញាសាហែលទឹកចម្ងាយ៥០ម៉ែត្រសេរី និង កីឡាករ យ៉យ កុសលទទួលបានមេដាយសំរឹទ្ធិលើវិញ្ញាសា វាយកូនឃ្លីលើតុ ក្នុងកម្មវិធីប្រកួតកីឡាប៉ារ៉ាឡាំពិករដូវ យុវជនជនពិការ នៅសាធារណៈកូរ៉េ ។
អ្នកសម្របសម្រួលដដែលនេះ បានបន្ថែមថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំអត្តពលិក ចំនួន១០ប្រភេទកីឡា ត្រៀមចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី ដូចជា ប្រភេទកីឡា វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក បាល់បោះជនពិការភ្នែក បាល់ទះអង្គុយជនពិការ ប៊ូសស៊ែរ (BOCCIA) បាល់ទាត់ជនពិការចលនាខួក្បាល ប៊ូលីង លើកទម្ងន់ និង បាញ់ធ្នូរ៕ សារីម