ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដឹងទេ កាំកុងត្រូលច្រកបន្ទាយចក្រីយកពន្ធស្រូវនាំចេញ៤០ភាគរយ

ចែករំលែក៖

ក្រុមអាជីវកររកស៊ីដឹកស្រូវទៅប្រទេសវៀតណាមតាមច្រកបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងបានឲ្យដឹងថា នៅគ្រាដែលសមត្ថកិច្ចច្រើនផ្នែកនៅច្រកនេះមិនយកប្រាក់មួយរៀលពីពួកគាត់រកស៊ីដឹកស្រូវនោះ បែរជាអង្គភាពកាំកុងត្រូលប្រចាំនៅច្រកទ្វារនេះ បង្ខំឲ្យពួកគាត់បង់ប្រាក់៤០ភាគរយ នៃតម្លៃស្រូវ មុននាំទៅប្រទេសវៀតណាម។ គេនិយាយថា ប្រសិនបើស្រូវប្រជាពលរដ្ឋមិនត្រូវបានទិញដោយឈ្មួញក្នុងតម្លៃថ្លៃនោះទេ ស្រូវទាំងនោះអាចនឹងត្រូវខូច ឬប្រជាពលរដ្ឋត្រូវបង្ខំចិត្តលក់តម្លៃថោកដើម្បីឈ្មួញមានប្រាក់បង់ឲ្យកាំកុងត្រូល៤០ភាគរយ។ ដូច្នេះមានន័យថា នយោបាយរបស់ក្រសួងពាណិជ្ជកម្ម មិនបានលើកកម្ពស់កសិផលខ្មែរទេ ប៉ុន្តែបែរជាចាំជំរិតយកលុយទៅវិញ។

គេរាយការណ៍ថា អាជ្ញាធរខេត្តព្រៃវែង និងខេត្តដុងថាប់ប្រទេសវៀតណាម បានចុះកិច្ចព្រមពៀងដោយមិនយកប្រាក់លើគ្រប់ជំនាញទាំងពន្ធ និងអ្វីៗទាំងអស់សម្រាប់ការនាំស្រូវទៅប្រទេសវៀតណាម។ ប៉ុន្តែមានតែស្ថាប័នកាំកុងត្រូលនៅច្រកបន្ទាយចក្រីមួយប៉ុណ្ណោះ ដែលយកលុយ៤០ភាគរយនៃតម្លៃស្រូវ ដែលគេអះអាងថា ជាការយកពន្ធស្របច្បាប់។ ប្រការនេះធ្វើឲ្យក្រុមអ្នករកស៊ីមិនសប្បាយចិត្ត ហើយកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ក្រុមអ្នករកស៊ីដឹកស្រូវទៅប្រទេសវៀតណាមប៉ុនប៉ងយករថយន្តដឹកស្រូវពាំងផ្លូវចេញ ចូលព្រំដែននោះទៀតផង។

គេមិនដឹងថា នេះជាគោលនយោបាយដោយឡែករបស់ក្រសួងពាណិជ្ជកម្មតាមរយៈកាំកុងត្រូលនៅច្រកព្រំដែននោះឬមួយយ៉ាងណាទេ ប៉ុន្តែអ្វីដែលបានធ្វើគឺហាក់ដូចជាបំផ្លាញគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាទៅវិញ។ គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺលើកកម្ពស់តម្លៃកសិផលខ្មែរ ផ្ទុយទៅវិញទង្វើរបស់មន្ត្រីកាំកុងត្រូលដែលអះអាងពីភាពស្របច្បាប់របស់ខ្លួននោះគឺជាការជាន់ពន្លិចតម្លៃកសិផលរបស់កសិករខ្មែរទៅវិញ៕

 


ចែករំលែក៖