ភ្នំពេញ៖ ប្រធានគណនេយ្យរោងចក្រកាត់ដេរយីហោ” International Royal “ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ អនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី១៣ ខែសីហា កន្លងទៅនេះ ។ មជ្ឈដ្ឋានមួយចំនួន រិះគន់យ៉ាងខ្លាំងចំពោះការដោះលែងនេះ ព្រោះសកម្មភាពរបស់ជនបង្ក បានបើករថយន្តបំបុកកម្មករកម្មការិនីជាង៤០០នាក់ ហើយធ្វើឲ្យកម្មករមួយចំនួនរងរបួសបាក់ដៃទៀតផង ។ ប៉ុន្តែលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បដិសេធការចោទប្រកាន់នេះ ។
មូលហេតុនៃការដោះលែងនេះ ត្រូវបាននគរបាលមួយ អះអាងថា៖ ដោយសារមានការសម្របសម្រួលគ្នាបញ្ចប់រឿង បន្ទាប់ពីជនរងគ្រោះទទួលយកសំណង ហើយក៏មានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រោះមានអន្តរាគមន៍ធំៗមកទៀតផង ។
ប្រធានគណនេយ្យរោងចក្ររូបនេះ ឈ្មោះ យ៉ែម សុចិត្របានបើករថយន្តបំបុកកម្មករកម្មការិនីជាង៤០០នាក់ ដែលកំពុងប្រមួលផ្តុំគ្នាតវ៉ាកាលពីរសៀលថ្ងៃទី១២ ខែសីហា នៅចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈក្រុមកម្មករតវ៉ាដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយនូវលក្ខខណ្ឌការងារមួយចំនួន ។ អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ពេលកម្មករទាំងអស់ កំពុងតែតវ៉ាមុខរោងចក្រ ស្រាប់តែជនសង្ស័យឈ្មោះ យ៉ែម សុចិត្រ បើករថយន្តម៉ាកកាមរីបាឡែនពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2X-1058 ចេញពីក្នុងចក្រយ៉ាងលឿនក្នុងបំណងបំបុកចូលហ្វូងកម្មករ ដែលជាហេតុធ្វើឲ្យម្នាក់ៗមានការភិតភ័យព្រលឹងចុងសក់ ប៉ុន្តែពេលនោះមានកម្មករជាច្រើនបានរត់រួចនៅសល់ កម្មការិនីម្នាក់អង្គុយលើម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសបាក់ដៃធ្ងន់ធ្ងរ បន្ទាប់មកបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានកម្មករ នាំគ្នាព័ទ្ធចាប់បានភ្លាមៗ រួចប្រគល់ឲ្យនគរបាល ដើម្បីចាត់ការតាមតាមច្បាប់ ។
ប៉ុន្តែក្រោយមក ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោមហេតុផលសម្របសម្រួលគ្នា។
ពាក់ព័ន្ធករណីនេះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងតាមបណ្ដាញសង្គម Whats app ថា រឿងនេះជារឿងមិនពិតទេ គឺ បុរសរូបនេះមិនបានបើកបំបុកកម្មករទេ ហើយក៏គ្មានកម្មករណារងរបួសដែរ ។ លោកអធិការ ថ្លែងថា នេះជាព័ត៌មានមិនពិត ៕ ចេស្តា