ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជា ព្រះសង្ឃប្រទះឃើញសាកសពយុវជនម្នាក់ស្លាប់នៅក្នុងទឹកកណ្តាលព្រៃទាំងអាក្រាតកាយនៅចំការកូនព្រៃគគីរ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៥ សីហា២០១៧នេះ ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។
បើតាមលោក កែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្ត បានឲ្យដឹងថា សពជនរងគ្រោះដែលព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ប្រទះឃើញពេលព្រះសង្ឃនិមន្តចូលព្រៃចម្ការកូនគគីរទៅមើលកូនឈើដែលសម្តេចព្រះសង្ឃរាជ ដាំកូនឈើ ដើមគគីរ ក៏ធំក្លិនស្អុយ ព្រះសង្ឃអង្គនោះក៏និមន្តចូលមើលឃើញសពអណ្តែតទឹកអាក្រាតកាយ ក៏បានមានសង្ឃដីការាយការណ៍ជូនសមត្ថកិច្ច ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកក្រុងបាវិតនាំគ្នាទៅមើលឈូឆរតែម្តង។
បើតាមមន្ត្រីជំនាញការិយាល័យប្ចេកទេសបានសន្និដ្ឋានថា សពជនរងគ្រោះជាមនុស្សប្រុស វ័យប្រមាណជាង២០ឆ្នាំ ស្លាប់ប្រមាណជាង១០ថ្ងៃមកហើយ។ ដោយសភាពសពហើមស្អុយរលួយមានដង្កូវចោះជាអន្លើៗ ពិបាកក្នុងការពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសព សមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានជាផ្លូវការថាជាអំពើឃាដកម្ម ឬយ៉ាងណានៅឡើយទេ។ ម្យ៉ាងសាកសពអាក្រាតកាយ គ្មានបន្សល់អ្វីជាភស្តុតាងឡើយ ហើយនៅលើផ្លូវក្នុងចម្ការកូនគគីរប្រមាណជា១៥ម៉ែត្រពីសព គឺមានសម្ភារសេពគ្រឿងញៀនមួយចំនួន ដូចជាដបទឹកសុទ្ធ ទុយោ និងដែកកេះហ្គាស កញ្ចប់បារី និងកំប៉ុងទឹកក្រូចកូកា។
ដូច្នេះការសន្និដ្ឋានជំហានដំបូង គឺជនរងគ្រោះប្រើប្រាស់គ្រឿងញៀន អាចបែកថ្នាំ ហើយនៅចំណុចកើតហេតុកណ្តាលព្រៃស្ងាត់ ទោះបីពេលថ្ងៃក៏មានសភាពស្ងាត់ជ្រងំដែរ វាជាឱកាសល្អសម្រាប់ពួកក្មេង មកសេពគ្រឿងញៀន ធ្វើឲ្យសមត្ថកិច្ចពិបាកគ្រប់គ្រង ដោយព្រៃចម្ការកូនគគីរមានដើមឈើធំៗ ជាព្រៃសហគមន៍ មានផ្ទៃដីប្រមាណជិត២គីឡូម៉ែត្របួនជ្រុង។ ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះដើម្បីកំណត់អត្តសញ្ញាណ និងរកមូលហេតុនៃការស្លាប់នេះ។
សមត្ថកិច្ចនគបាលក្រុងបាវិតបានបញ្ចុះសព នៅជិតកន្លែងកើតហេតុនៅអំពាវនាវរងក្រុមគ្រួសារណាដែរបាត់សូមមកទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋាន៕ យឹម សុថាន