ប្រធានាធិបតីអីុរ៉ង់លោក Hassan Rouhani បានបញ្ជាក់ថា អីុរ៉ង់ អាចលុបចោល កិច្ចព្រមព្រៀង បរមាណូ ជាមួយប្រទេស មហាអំណាចប្រសិនបើអាមេរិក បន្តដាក់ ទណ្ឌកម្មថ្មីទៅលើប្រទេសនេះ។
លោករូហានី បានបញ្ជាក់នៅក្នុងកិច្ច ប្រជុំសភា ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អីុរ៉ង់ថា«ប្រសិនបើអាមេរិកនៅតែបន្តដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសអីុរ៉ង់នោះ អីុរ៉ង់នឹងមានសកម្មភាពតបតវិញដោយសមស្របបំផុត»។
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានឲ្យដឹងថា ការដាក់ទណ្ឌកម្មទៅលើ ប្រទេស អីុរ៉ង់ មិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបរមាណូឡើយ ។ អីុរ៉ង់ត្រូវតែទទួលខុសត្រូវពីការបាញ់សាកល្បងមីស៊ីល គាំទ្រ ក្រុមភេរវកម្ម មិនគោរពសិទ្ធិមនុស្ស បំពាន ច្បាប់អន្តរជាតិ។
លោកស្រី Haley បានប្រកាសកាលពីថ្ងៃទី១៥ខែសីហាថា«អីុរ៉ង់មិនត្រូវប្រើប្រាស់ កិច្ចព្រមព្រៀងបរមាណូដើម្បីយកពិភពលោកទាំងមូលធ្វើជាចំណាប់ខ្មាំងនោះឡើយ។ លោកស្រី Haley នឹងទៅកាន់ ទីក្រុង Vienna ប្រទេសអូទ្រីស នៅ សប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយ អង្គការ សិទ្ធិមនុស្សអន្តរជាតិ និងត្រួត ពិនិត្យថាតើ អីុរ៉ង់ គោរពតាមកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ដែរឬទេ?
ចំណែកអ្នកនាំពាក្យ អង្គការសហ ប្រជាជាតិ លោក Stephane Dujarric បញ្ជាក់ថា អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Antonio Guterres បានចាត់ទុកកិច្ចព្រមព្រៀងខាងលើគឺជា ជោគជ័យយ៉ាងធំធេងក្នុងវិស័យការបរទេស ដើម្បីស្វែងរកសន្តិភាព នៅក្នុងតំបន់និង ពិភពលោកទាំងមូល។ដូច្នេះយើងចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាងដើម្បីការពារកិច្ចព្រមព្រៀងនោះ។
កន្លងមក ក្រសួងហិរញ្ញវត្ថុអាមេរិកបានអនុម័តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ចំនួន ៦ របស់អីុរ៉ង់ កាលពីចុងខែកក្កដា ដោយ ចោទប្រកាន់ក្រុមហ៊ុនទាំងនោះ ជាប់ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីរបស់អីុរ៉ង់។
នៅដើមខែសីហា ២០១៧ប្រធានាធិប តី អាមេរិកដូណាល់ ត្រាំបានចុះហត្ថលេខា ដាក់ទណ្ឌកម្ម បន្ថែមទៅលើប្រទេសអីុរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង ។ ការដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើអីុរ៉ង់ ក្រោយពេល ដែលអីុរ៉ង់ បានសាកល្បងកាំជ្រួចមីស៊ីល ។ ចំណែកអីុរ៉ង់វិញបានច្រានចោល ការចោទ ប្រកាន់របស់អាមេរិកថា ការសាកល្បង មីស៊ីលរបស់ខ្លួនបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ នៅពេលនេះដែរ អង្គការសហប្រជាជាតិបានស្នើដល់អីុរ៉ង់ មិនត្រូវមានសកម្មភាព សាកល្បង មីស៊ីល ណាមួយទៀតឡើយ។
ក្រុមអ្នកវិភាគលើកឡើងថា នៅ ពេល នេះ អុីរ៉ង់ហាក់ទ្រាំលែងបាន និងបានចាត់ វិធានការជាក់ស្តែង និងដំឡើងសំឡេងកាន់តែខ្លាំងដាក់អាមេរិក។ សូមជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺតាំងពីលោកត្រាំបានឡើងកាន់អំណាចមក រដ្ឋបាលអាមេរិកបានដាក់ទណ្ឌកម្មលើអុីរ៉ង់ជាហូរហែដោយចោទអុីរ៉ង់ ពីបទបានបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកដែលអាមេរិកយល់ថា ជាទង្វើហាមឃាត់ដោយសេចក្តីសម្រេចចិត្តរបស់អង្គការសហ ប្រជាជាតិ។
នៅខាងអុីរ៉ង់ បន្ទាប់ពីបានបរិហារម្តងជាពីរដងលើការបន្តប្រើនយោបាយដាក់ ទណ្ឌកម្មរបស់អាមេរិក អុីរ៉ង់បានចេញវិធានការជាក់ស្តែងតបវិញដោយសភាបានអនុម័តនាថ្ងៃ អាទិត្យ ទី១៣ សីហាលើច្បាប់ បន្ថែមថវិកាចំនួន ៥២០លានដុល្លារដើម្បីឲ្យរដ្ឋាភិបាលយកទៅអភិវឌ្ឍកម្មវិធី មីស៊ីល បាលីស្ទីក និងពង្រឹងសកម្មភាព របស់កងឆ្មាំបដិវត្តន៍អុីរ៉ង់នៅក្នុងតំបន់។ បន្ទាប់មកក្នុងថ្ងៃអង្គារ ទី១៥ សីហា រូបលោក ប្រធានាធិបតីហាស្សាន់ រ៉ូហានីបានចេញ មុខព្រមានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។ លោករ៉ូហានីបានចាត់ទុក នយោបាយរបស់លោកត្រាំថា ជានយោ បាយនៃការវិលរកទ្រនំចាស់ ពោលគឺទ្រលំមុនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ទន្ទឹមគ្នានេះ លោករ៉ូហានីដែលទើបជាប់ឆ្នោតប្រធានាធិបតីអុីរ៉ង់អាណត្តិទី២ បាន វ៉ៃប្រហារលោកត្រាំចំៗថា លោកត្រាំកំពុងបន្តបញ្ចេញកាយវិការប្រាប់ពិភពលោកថា ខ្លួនមិនមែនជាដៃគូល្អឡើយ។ គ្រប់គ្នា កំពុងចង់ដឹងថា តើការដែលលោករ៉ូហានីចង់ដកអុីរ៉ង់ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គ្រាន់តែជាការគំរាម ឬថា លោកអាចនឹង ធ្វើមែន? តាមពិតទៅ ទាំងលោករ៉ូហានី និងលោកត្រាំ ពិតជាមិនចង់ឃើញកិច្ចព្រមព្រៀងមួយនេះរលាយដោយងាយៗ ឡើយ។ អុីរ៉ង់ អាមេរិក រួមទាំងប្រទេសហត្ថលេខី ផ្សេងទៀតបានដឹងច្បាស់ពីសារសំខាន់ និងផលប្រយោជន៍របស់កិច្ចព្រមព្រៀង ពិសេសគឺភាគីអ៊ីរ៉ង់ដែលទទួលបានដង្ហើមសេដ្ឋកិច្ចថ្មី បន្ទាប់ពីរងទណ្ឌកម្មអន្តរជាតិ អស់ជាច្រើនឆ្នាំ។
វិវាទរវាងអាមេរិកនឹងអីុរ៉ង់ កើតចេញពី ការមិនទុកចិត្តគ្នា ហើយបើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ត្រូវរលាយទៅវិញនៅថ្ងៃណាមួយ វាជាកំហុសរបស់អាមេរិក ឬអុីរ៉ង់ រួមទាំងប្រទេសហត្ថលេខីផ្សេងទៀត។ ចូរ កុំភ្លេចថា ទម្រាំតែទទួលបានកិច្ចព្រមព្រៀងមួយនេះ អុីរ៉ង់ និងអាមេរិក រួមទាំងប្រទេសពាក់ព័ន្ធផ្សេងទៀតបានចំណាយពេល ចរចាអស់ជាច្រើន ឆ្នាំ និងបានធ្វើសម្ប ទានឲ្យគ្នាទៅវិញ ទៅមកច្រើនណាស់។ សំណួរដែលគ្រប់គ្នាកំពុងចោទសួរពេលនេះគឺថា បើអុីរ៉ង់ពិតជាបានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមែននោះ ចុះហេតុអ្វីបានជាប្រទេសផ្សេងមិនសូវប្រតិកម្ម បែរ ជាមានតែអាមេរិកចេញមុខឈឺឆ្អាល និងថែមទាំងចាត់វិធានការដាក់ទណ្ឌកម្មលើ អុីរ៉ង់ជាលក្ខណៈ អត្តនោម័តិទៀត?
បើគេពិនិត្យឲ្យបានស៊ីជម្រៅបន្តិចទៅឃើញថា រវាងអាមេរិក នឹងអុីរ៉ង់ជារឿង សល់ពីអតីតកាល ពោលគឺមិនមែនដោយសារតែបញ្ហានុយក្លេអ៊ែរ ឬគ្រាប់មីស៊ីល ប៉ុណ្ណោះទេ គឺឥទ្ធិពលរបស់អុីរ៉ង់នៅក្នុង តំបន់ និងទំនាក់ទំនងរបស់អាមេរិកជាមួយប្រទេសគូប្រជែងទល់នឹងអុីរ៉ង់នៅ ក្នុងតំបន់បានធ្វើឲ្យទីក្រុងវ៉ាស៊ីតោន និងទីក្រុងតេអេរ៉ង់បន្តមិនទុកចិត្តគ្នា និងបន្តមើលមុខគ្នា មិនចំមកដល់សព្វថ្ងៃ៕ ម៉ែវ សាធី