ខេត្តកណ្តាលៈ ជនអនាថា២នាក់ស្នាក់នៅក្រោមស្ពានថ្មស្ទឹងព្រែកត្នោត បានធ្វើសកម្មភាពដេញកាប់ប្រហារទៅលើបុរសជាអ្នករត់ម៉ូតូឌុបរត់បាតជើងសព្រាត បន្ទាប់ពីកាប់ជនរងគ្រោះមិនបានក្រុមជនសង្ស័យបានប្តូរទិសដៅមកវាយម៉ូតូជនរងគ្រោះវិញ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចគល់ស្ពានថ្មស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវបានចាប់ខ្លួននោះទី១- ឈ្មោះ សុខ សាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ស៊ុម សុវណ្ណ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង២នាក់ជាជនអនាថាស្នាក់នៅក្រោមស្ពានស្ទឹងព្រែកត្នោត ដើម្បីដើររើសអេតចាយតាមទីសាធារណៈ។ ចំណែកឯជនរងគ្រោះឈ្មោះ ហម សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាម្ចាស់ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CP-4176 (ខូចខាតបែកកុងទ័រ ,បែកក្បាំង និងបែកកាត់ប៊ូខាងក្រោយ)។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបាននៅអង្គុយចាំចាប់ម៉ូយនៅត្រង់ចំណុចគល់ស្ពានថ្មស្ទឹងព្រែកត្នោត រីឯក្រុមជនសង្ស័យដែលជាជនអនាថានៅអង្គុយផឹកជុំគ្នាក្រោមស្ពាន ។ បន្ទាប់ពីផឹកស្រាស្រវឹងក្រុមជនសង្ស័យបាននិយាយរករឿងឈ្លោះជាមួយជនរងគ្រោះដែលកំពុងអង្គុយចាំចាប់ម៉ូយ ។ ជនម្លោះបានតឹងសសៃ.ករៀងៗខ្លួន ធ្វើឲ្យជនសង្ស័យផ្ទុះក្តីខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះទាញយកកាំបិតប៉័ងតោ ,ដំបងឈើ និងបំពងទីប ដេញវាយនិងកាប់ទៅលើជនរងគ្រោះ តែកាប់មិនត្រូវដោយសារជនរងគ្រោះខឹងខ្លួនរត់ទាន់ពេលវេលា ។
ក្រោយពីវាយ និងកាប់ទៅលើជនរងគ្រោះមិនបានក្រុមជនសង្ស័យ ក៏បានប្តូរទិសដៅត្រឡប់ក្រោយមកវាយម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទើបសមត្ថកិច្ចនគរបាលចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ