ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​រង​ការ​រិះគន់​ ,​ ព្រះ​រាជ​អាជ្ញា​រង​ ចែ​ សុង​ កោះហៅ​ដើម​បណ្ដឹង​ចូល​បំភ្លឺ​ជា​ថ្មី​

ចែករំលែក៖

ភ្នំពេញ​៖ ក្រោយ​ស្ត្រី​ម្នាក់​ស្រែក​ទាមទារ​ទាំង​ទឹកភ្នែក​ ដង្ហោយ​រក​យុត្តិធម៌​និង​គ្រោង​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដោយ​អះអាង​ថា​ លោក​ ចែ​ សុង​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ ខណៈ​ស្ត្រី​រូប​នេះ​ថា​ ជន​នេះ​បាន​រំលោភ​សេពសន្ថវៈ​លើ​ខ្លួន​តែ​មិន​បាន​សម្រេច​ នោះ​ ឥឡូវ​នេះ​ លោក​ ចែ​ សុង​ បាន​កោះ​ហៅ​ស្ត្រី​រូប​នេះ​ចូល​បំភ្លឺ​សាជាថ្មី​ ។

ស្ត្រី​ឈ្មោះ​ ខ្លូត​ ចិន្ដា​ អាយុ​៣៣ឆ្នាំ​ បញ្ជាក់​ថា​ លោក​ ចែ​ សុង​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​ហៅ​នាង​ចូល​បំភ្លឺ​ នា​រសៀល​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ខាងមុខ​នេះ​ ពី​ដំណើរ​រឿង​”ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ”។

គួរ​បញ្ជាក់​ថា​ ការ​តវ៉ា​របស់​នារី​រង​គ្រោះ ​បាន​ធ្វើ​ឡើង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ខែ​សីហា នៅពេលដែល​រូបនាង​ទទួលដំណឹង​ពី​នគរបាល​ថា ព្រះរាជអាជ្ញារង​ ចែ​ សុង​ ​សម្រេច​បញ្ជូន​ឈ្មោះ ជួន ចាន់​រី អាយុ​៣២​ឆ្នាំ មុខរបរ​ជា​អង្គរក្ស មាន​ទីលំនៅ ផ្ទះ​លេខ​៥​សេ ផ្លូវ​ទី​៣ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ដោយ​មិន​ពិនិត្យ​លើ​រឿងក្ដី​រំលោភ​សេពសន្ថវៈ​ទេ។​

ជនសង្ស័យ​ត្រូវបាន​បាន​នគរបាល​ខណ្ឌ​៧​មករា​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​មានការ​ស្រែក​ឆោឡោ​ពី​ស្ត្រី​រងគ្រោះ​ម្នាក់​ចោទប្រកាន់​ជនសង្ស័យ​ថា​ចាប់​រូប​នាង​រំលោភ​សេពសន្ថវៈ ​តែ​មិនបាន​សម្រេច នៅ​ចំណុច​ផ្ទះ​លេខ​១១៨e1 ជាន់​ទី​១ ផ្លូវ​លេខ​២៤២​កែង​១៦៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។​

ពាក់ព័ន្ធ​ករណីនេះ​ស្ត្រី​រងគ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ហេតុផល​កិត្តិយស​បានបញ្ជាក់​ថា មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ​ជួន ចាន់​រី គឺជា​សង្សារ​ប្អូនស្រី​នាង ធ្លាប់​មកលេង​ផ្ទះ​ហូបបាយ ងូតទឹក​ដោយហេតុថា​ពួកគេ​រស់នៅ​ដូច​ប្ដី​ប្រពន្ធ ហើយ​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ឡើងមក​លើផ្ទះ​នាង ចូលទៅ​មុជទឹក​ដូច​ធម្មតា តែ​ពេលនោះ​ប្អូន​នាង​មិន​នៅផ្ទះ​ទេ។ បន្ទាប់មក​ឈ្មោះ​ជួន ចាន់​រី​បាន​ទៅយក​ស្រា​បៀរ​មួយ​កំប៉ុង​មក​ផឹក។ ចំណែក​ខ្លួន​នាង​បាន​ដើរទៅ​រៀបចំ​អីវ៉ាន់​ក្នុង​បន្ទប់​ដោយ​មិនទាន់​ទាំង​បាន​បិទទ្វារ​ផង ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ចូលមក​ចាប់ឱប​សង្កត់​សម្រាត​បម្រុង​រំលោភ​សេពសន្ថវៈ​នាង​តែម្ដង។ ពេលនោះ​នាង​បាន​រើ​បម្រាស់​រួចហើយ​រត់ចេញ​មក​ខាងក្រៅ ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​តែម្តង ទើប​មាន​អ្នកជិតខាង​ទូរស័ព្ទ​ប្ដឹង នគរបាល​ឲ្យមក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅលើផ្ទះ​ក្នុងពេលនោះ។​

ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ជនសង្ស័យ​ឈ្មោះ ជួន ចាន់​រី ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន នេះ ស្ត្រី​រងគ្រោះ ចាត់ទុកថា ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ​ ​សម្រាប់​រូបនាង​ជាទីបំផុត ព្រោះ​នាង​ប្ដឹង​ជនសង្ស័យ​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ បែរជា​លោក​ព្រះរាជអាជ្ញា​រង​ ចែ​ សុង​ ពិនិត្យ​លើ​ជនសង្ស័យ ​តែ​ពី​ករណី​ញៀន​ថ្នាំ​ទៅវិញ។​

ស្ត្រី​រងគ្រោះ​បាន​ឲ្យដឹងទៀតថា ឪពុកម្ដាយ​ជនសង្ស័យ គឺជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ និង​មាន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​តុលាការ​ ទើប​អាច​បង្វែរ​សំណុំរឿង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៅជា​ករណី​បន្សាប​គ្រឿងញៀន​វិញ។​

ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ខាងលើ លោក​ចែ សុង​ព្រះរាជអាជ្ញា​រង​ទទួល​ចាត់ការ​សំណុំ​រឿង​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មិនមាន​ការ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទេ តែ​ជនសង្ស័យ​មាន​សារធាតុ​ញៀន​តាមរយៈ​ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ ទើប​លោក​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន៕ ចេស្តា


ចែករំលែក៖