ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលពីក្មេងៗយកសត្វក្របីទៅវាលស្រែស្រែកថាមានមនុស្សចងកសម្លាប់ខ្លួនដើមអំពិលទាំងព្រឹកព្រលឹម

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីក្មេងៗ យកសត្វក្របីទៅវាលស្រែ ស្រែកថា មានមនុស្សចងកសម្លាប់ខ្លួន រត់ទាំងត្រហេបត្រហបប្រាប់ដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារមកមើល ខណៈប្រទះឃើញនៅចំណុចដើមអំពិលទាំងព្រឹកព្រលឹម កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅភូមិវាលល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមលោកពិន អាន អធិការនគរបាលស្រុកមាសហែកបានឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ ប្រាំង ស៊ីនួន អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិវាលល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលថា ឪពុកបស់ខ្លួនគឺមានជំងឺរ៉ាំរៃប្រចាំកាយយូរឆ្នាំមកហើយ ខណៈត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និងបានទិញថ្នាំមកផឹកដែររហូតដល់ទៅខ្ចីបុលអ្នកភូមិ ប៉ុន្តែនៅតែមិនធូរស្រាលសោះ។

ប្រភពបន្តថា ដោយនៅមុនកើតហេតុ គឺបាត់ឪពុកតាំងពីម៉ោង១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ មិនឃើញត្រឡប់ចូលផ្ទះសោះ ដោយកូនៗដើររកដែរ ប៉ុន្តែមិនឃើញ។

លុះព្រឹកឡើង ក៏មានការភ្ញាក់ផ្អើលពីក្មេងៗ យកសត្វក្របីទៅវាលស្រែស្រែកថា មានមនុស្សចងកសម្លាប់ខ្លួន ទើបគ្រុមគ្រួសារប្រញាប់រត់ទៅមើល ស្រាប់តែឃើញឪពុកចងកស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសពបញ្ជាក់ថា សាកសពពិតជាចងកធ្វើអត្តឃាតចងកប្រាកដមែន ដោយមិនមានស្លាកស្នាមជារឿងឃាដកម្មអ្វីនោះទេ រួចសមត្ថកិច្ចនគរបាលជំនាញ ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖