ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ករណី​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ​អាមេរិក​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ ជា​ចៅក្រម​ជំនុំជម្រះ​ នៅ​ថ្ងៃ​ទី​១៨​ ខែ​សីហា​ នេះ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ដាក់​ពន្ធនាគារ​១ឆ្នាំ​ សងសំណង​ចំនួន​៦ពាន់​ដុល្លារ​អាមេរិក​ សងសំណង​ជំងឺ​ចិត្ត​ចំនួន​៤ពាន់​ដុល្លារ​ និង​ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជនជាប់ចោទ​ ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​ច្បាប់​ ។

លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ យល់​ឃើញ​ថា​ ចរិត​ប្រព្រឹត្ត​បទល្មើស​របស់​ជនជាប់ចោទ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ កលល្បិច​ជា​ច្រើន​ ក្នុង​ការ​បោក​ប្រាស់​ជនរងគ្រោះ​ ។​ ដូច្នេះ​ តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជនជាប់ចោទ​ ។​ ក្នុង​ការ​ប្រកាស​សាលក្រមនេះ​ កំបាំង​មុខ​ជនជាប់ចោទ​ តែ​ចាត់​ទុក​ជា​ចំពោះ​មុខ​ បើក​ផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​ ។​

ចន្លោះ​ពេល​នេះ​ លោក​ស្រី​ សុខ​ សោភ័ណ្ឌ​ ជា​ដើម​បណ្ដឹង​ សង្ឃឹម​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ នឹង​អាច​ចាប់​ខ្លួន​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ យក​មក​ផ្តន្ទា​ទោស​បាន​ ព្រោះ​ពេល​សវនាការ​ជនជាប់ចោទ​បាន​បង្ហាញ​វត្តមាន​ តែ​ពេល​ប្រកាស​សាលក្រម​បាន​គេចវេះ​មិន​ចូល​ខ្លួន​ ដោយ​មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ ។

គួរ​រំលឹក​ថា​ កាល​ពី​ពេល​កន្លង​ទៅ​ ដើម​បណ្ដឹង​ ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដែល​ដោះលែង​ស្ត្រី​ឈ្មោះ​អៀត​ សារឹម​ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ប្រាក់​​មួយ​ម៉ឺន​ដុល្លារ​អាមេរិក ក្រោយ​ជាប់​ពន្ធនាគារ​ជាង​មួយ​ខែ​ប៉ុណ្ណោះ​ ​ ។​

ដើម​បណ្ដឹង​ សង្ស័យ​ថា​ ការ​សម្រេច​នេះ​បង្កប់​ភាព​មិន​ប្រក្រតី​ ដោយ​ដើម​បណ្ដឹង​ ថា​នឹង​ដាក់​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​​ ដើម្បី​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ ។

លោក​ស្រី​​ សុខ​ សោភ័ណ្ឌ​ ជា​ដើម​បណ្ដឹង​អះអាង​ថា​ លោក​ ភូ​ ពៅ​ស៊ុន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ កាលពី​ថ្ងៃទី​៩​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ សម្រេច​ដោះលែង​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។​ ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ គឺ​ ផ្ទុយ​ពី​ការ​សម្រេច​របស់​លោក​ អ៊ី​ សុវណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដែល​ពុំ​ដោះលែង​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ។​

មុន​ការ​សម្រេច​ដោះលែង​​នេះ​ គឺ​ កើត​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​ដើម​បណ្ដឹង​​សង្ស័យ​ថា​ អាច​បង្កប់​អំពើ​ពុករលួយ​ ។​

លោក​ស្រី​ សោភ័ណ្ឌ​ បន្តថា​ មេធាវី​ការពារ​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ធ្លាប់​និយាយ​ថា​ នឹង​ជួយ​សម្រួល​ឲ្យ​មាន​ការ​ដោះស្រាយ​សំណង​ ។​ ប៉ុន្ដែ​ពេល​នេះ​ បាន​ត្រឹម​តែ​ជា​ការ​សន្យា​ខ្យល់​ ពោលគឺ​ មនុស្ស​ត្រូវ​បាន​ដោះលែង​ រីឯ​សំណង​មួយ​រៀល​ក៏​ពុំ​បាន​ទទួល​ ។

មិន​តែ​ប៉ុណ្ណោះ​ សូម្បី​តែ​ពេល​សវនាការ​ និង​ ការ​សម្រេច​ដោះលែង​នេះ​ គឺ​ ដើម​បណ្ដឹង​ពុំ​បាន​ដឹង​ឡើយ​ នេះ​បាន​មន្ត្រី​សាលា​ដំបូង​ខេត្ត​កណ្ដាល​ វិញ​ទេ​ ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ដីកា​ដោះលែង​មនុស្ស​ចំថ្ងៃ​ទី​១០​ ខែ​ឧសភា​ ត្រូវ​ថ្ងៃ​បុណ្យ​វិសាខ​បូជា​ ទើប​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល​ ពុំ​ទទួល​យក​ដីកា​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ហើយ​ជំនួយ​ការ​របស់​លោក​ស្រី​មេធាវី​ ត្រឡប់​ទៅ​វិញ​ ។

ឆ្លើយ​តប​ការ​លើកឡើង​នេះ​ លោក​ស្រី​មេធាវី​ ធ្លាប់​អះអាងថា​ លោក​ស្រី​ធ្វើ​តែ​តាម​នីតិវិធី​ប៉ុណ្ណោះ​ ៕ចេស្តា


ចែករំលែក៖