ភ្នំពេញ៖ អគ្គីភ័យឆាបឆេះរោងយាមចាំត្រីចិញ្ចឹមមួយកន្លែង ត្រូវភ្លើងឆេះ ខ្ទេចគ្មានសល់អ្វី កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅត្រង់ចំណុចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ ឈ្មោះ លី ហួរ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរចិញ្ចឹមត្រី ស្នាក់នៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីរោងចាំត្រីខាងលើ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកអន្តរាគមន៍បាញ់ពន្លត់ តែជាអកុសលអគ្គិភ័យខាងលើនេះ បានឆាបឆេះរោងអស់គ្មានសល់ទៅហើយ។
សាក្សីដដែលបានបន្តទៀតថា ករណីអគ្គិភ័យខាងលើនេះ ផ្តើមចេញពីឆ្លងចរន្តអគ្គីសនី ទើបបណ្តាលឲ្យឆាបឆេះរាលដាលរោងចាំត្រីចិញ្ចឹម ដែលមានទំហំ៥ម៉ែត្រ គុណ១០ម៉ែត្រ រងការខូចខាតទាំងស្រុង និងសម្ភារៈម៉ាស៊ីនបូបទឹកចំនួន៣គ្រឿង, ម៉ាស៊ីនសម្រាប់កិនចំណីត្រីចំនួន២គ្រឿង និងម៉ូតូម៉ាក wave ចំនួន១គ្រឿង៕ ព្រែកជ័យ