ព័ត៌មានទាន់ហេតុការណ៍៖

លោកសុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ បង្ក្រាបរថយន្តដឹកឈើផ្ទះចាស់បង្កប់ឈើថ្មីបាន១គ្រឿង

ចែករំលែក៖

ខេត្តព្រះវិហារ៖ រថយន្ត១គ្រឿង ដឹកឈើផ្ទះចាស់ បង្កប់ឈើថ្មី ដឹកចេញពីភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប តាមបណ្តោយផ្លូវជាតិលេខ៩ មកដល់ត្រង់ចំណុចគល់ស្ពានស្ទឹងសែន ត្រូវបានបែកកង់ក្រោយ ហើយអ្នកសាព័ត៌មានប្រទះឃើញ បានរាយការណ៍មកលោក សុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ លោកសុង បញ្ញា ក៏បានមកពិនិត្យ រួចរាយការណ៍ទៅលោក ឆិញ សេង នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ នឹងរាយការជូនលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តដើម្បីសុំគោលការណ៍បង្ក្រាប ។

រថយន្តនេះ មានម្ចាស់ឈ្មោះ ស៊ុត វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតារេនជា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។

លោក ពឹង ទ្រីដា បានចេញបញ្ជា អោយខណ្ឌ័ ផ្នែក នឹងសង្កាត់រដ្ឋបាលព្រៃឈើធ្វើការឃាត់ទុកដើម្បីឆែក និងពិនិត្យមើល នៅព្រឹកថ្ងៃទី១៨ ខែសីហា លោក ឆិញ សេង នាយផ្នែក នឹងលោក សុង បញ្ញា បានដឹកនាំក្រុមរដ្ឋបាលព្រៃឈើ បើកទ្រុងឡានពិនិត្យមើល ក្រោយពីបានរើឈើពិនិត្យ បានរកឃើញថា ឈើនៅក្នុងរថយន្តប្រហែលជាង២០មែត្រគុប ក្នុងនោះមានឈើថ្មីប្រហែល៦០%តែមិនទាន់ដឹងពីចំនួនពិតនៅលើយទេ ។

ជាទូទៅឈ្មួញដឹកឈើតែងតែប្រើរូបភាពដឹកឈើផ្ទះចាស់ បង្កប់ឈើថ្មី ដោយយកឈើថ្មីទៅត្រាំទឹកពេលលើងរថយន្ត គេយកប្រេងម៉ាស៊ីនទៅលាបអោយលើងខ្មៅដើម្បីបន្លំភ្នែកសមត្ថកិច្ច តែទោះបីឈ្មួញមានល្បិចខ្ពស់បែបណាក៍ដោយនៅតែមិនអាចបន្លំភ្នែកសមត្ថកិច្ចបានឡើយ ។

បច្ចុប្បន្នវត្ថុតាង មានរថយន្តយីឌុបភ្លៅ៥មួយគ្រឿង ព្រមទាំងឈើត្រូវបានយកមករក្សាទុកនៅមន្ទីរកសិកម្ម ដើម្បីធ្វើការវាស់វែង និងចងក្រងសំណុំរឿងពិន័យទៅតាមច្បាប់ ៕ វណ្ណៈ


ចែករំលែក៖