ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបាន២នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ និងម៉ូតូ១គ្រឿង ខណៈមកពីទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់ ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១១:៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខហាងនំប៉័ងមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមសម្តីលោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានបញ្ជាក់ថា មុនឈានទៅដល់ការឃាត់ខ្លួនជនគ្រឿងញៀន ទាំង២នាក់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាក SuZuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-8498 ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ លេខ៦A ដែលជាគោលដៅឈរជើងយាមល្បាត ពួនស្ទាក់ របស់សមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ខណៈនោះស្រាប់តែប្រទះឃើញ ក៏មានការសង្ស័យ ទើបឈានទៅដល់ការឃាត់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់ធំ ដែលជនសង្ស័យបានរក្សាទុកនិងខ្លួន ដើម្បីយកទៅធ្វើសកម្មភាពផ្សេងៗ។

ជនសង្ស័យទី១-ឈ្មោះ ឡាយ ចិត្តា អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ទី២-ឈ្មោះ ស្រេង ពេជ្រ អាយុ៣៥ឆ្នាំ មុខរបរបើកឡាន។ ជនគ្រឿងញៀនទាំង២នាក់ ស្នាក់នៅភូមិទំពូង និងភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖