ភ្នំពេញ៖ រថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបុកម៉ូតូMSX និងកិនបណ្ដាលឲ្យខ្ទេចទាំងស្រុង រួមទាំងកិនក្បាលយុវជនម្នាក់ជាម្ចាស់ម៉ូតូ បែកក្បាលធ្លាយស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយខាងកើត សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលបានឆែកឆែរលើដងខ្លួនសពជនរងគ្រោះបានឲ្យដឹងថា នៅលើដងខ្លួនសពជនរងគ្រោះមានប័ណ្ឌបើកបរឈ្មោះ ញ៉ែត ប៉ុនលន ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលសមត្ថកិច្ចសន្ឋិដ្ថានថា ជាឈ្មោះ និងស្រុកលំណើតរបស់សពជនរងគ្រោះ ។
សមត្ថកិច្ចមូលដ្ឋានបានបន្តថា ជនរងគ្រោះជិះម៉ូតូMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-7839 បានស្លាប់នៅនឹងកន្លែងកើតហេតុដោយសារត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក និងកិនបែកលលាក្បាលហូរឈាមស្រោចខ្លួនស្លាប់នៅនឹងកន្លែងកើតហេតុ រួចហើយបើករថយន្តរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនមាននរណាម្នាក់បានឃើញថា ម៉ូតូជនរងគ្រោះជិះមកពីណា ហើយរថយន្តបង្កបើកចេញពីណា និងបុកកិនជនរងគ្រោះស្លាប់បែបណានោះឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍បានធ្វើការវាស់វែងដឹកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយនៅពេលក្រោយ ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យរថយន្តដឹកសពយកទៅដំកល់ទុកនៅវត្តទឹកថ្លា រងចាំទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ