ព័ត៌មានទាន់ហេតុការណ៍៖

លោក ស័ក្រិ ១ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងជិះម៉ូតូធ្លាក់ស្នាមភ្លោះបាក់កស្លាប់សង្ស័យស្រវឹងស្រា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់រួមទាំងម៉ូតូ ១គ្រឿងនៅក្នុងទឹកស្នាមភ្លោះ ក្បែចិញ្ចើមផ្លូវជាតិលេខ ៥៥ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្តកិច្ច នេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលគេសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៥៥នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងទឹកស្នាមភ្លោះក្បែចិញ្ចើមផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិសំរោង ២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ផៃ ដារ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មុខរបរ នគរបាល ឋានៈអនុសេនីយ៍ត្រី ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ជាមួយគ្នានោះដែរជនរងគ្រោះធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 5613។

ប្រភពព័ត៌មានខាងលើបន្តថា មន្រ្តីជំនាញបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពសក្នុងរណីនេះ លទ្ធផល៖ ឃើញជនរងគ្រោះបានធ្វើដំណើរចេញពីការជួបជុំគ្នាក្នុងកម្មវិធីមួយ នៅសាលាអនុវិទ្យាល័យស្ថិតក្នុងភូមិ.ឃុំសំរោង ដែលគេអះអាងកម្មវិធីនោះចាប់ផ្ដើមឡើងតាំងពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២០ លុះនៅម៉ោង៧ និង៥៥នាទីយប់ ថ្ងៃដដែល ទើបជនរងគ្រោះជិះម៉ូតូម្នាក់ឯងគត់ចេញទៅបាត់ គ្មាននណាម្នាក់បានដឹងអំពីហេតុការណ៍នេះកើតឡើងនោះឡើយ ទាល់តែនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នេះទើបប្រជាពលរដ្ឋប្រទះឃើញ តាមបច្ចេកទេសនៅកន្លែងកើតហេតុឃើញស្លាកស្នាម(ដានលើដី)ចម្ងាយប្រវែងចំនួន ២៤ម៉ែត្រ ម៉ូតូនៅក្នុងទឹក.សាកសពមានពាក់ម៉កសុវត្ថិភាពក៍នៅក្នុងទឹកដែរ(ក្បាលជនរងគ្រោះនៅលើគោក)។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា សាកសពជនរងគ្រោះ(ស្លាប់)បាក់កអាចបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដ និងអាចសន្ធិដ្ឋានបានបណ្ដាលមកពីចាំងភ្លើងហ្វាផង ស្ថានភាពផ្លូវមានគ្រួសខណៈកំពុងសាងសង់ផង ម្យាងទៀតអាចបើកបរខណៈខ្លួនប្រវឹងជោគជាំផងនោះ សាកសពជនរងគ្រោះ(ស្លាប់) និងម៉ូតូបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិមកទទួលយក ដើម្បីចាត់ចែងតាមនីតិវិធីប្រពៃណីខ្មែរ៕ ប៉ឹម ពិន


ចែករំលែក៖