ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ក្អួតឈាមស្លាប់នៅមុខបន្ទប់ជួល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅមុខបន្ទប់ជួល ដោយមានឈាមនៅក្នុង​ការទឹក​ បង្កឲ្យមានការភ្ញាកផ្អើលកាលវេលាម៉ោង១និង៣០នាទីរំលងអត្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះខែក ផាភេទប្រុសអាយុ ៥០ឆ្នាំកម្មករលីកអីវ៉ាន់ ស្នាក់នៅផ្ទះជួលភូមិ ចោមចៅ​សង្កាត់​ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិព្រៃរកា ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកឯ​ប្រពន្ធចុង ឈ្មោះ មាន នីម អាយុ៣៩ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅបន្ទប់ជិតគ្នា ភូមិកំណើតនៅភូមិប្រាសាទភូមិវាល ឃុំខ្នោដំបង ស្រុកជើងព្រៃខេត្តកំពង់ចាម​ និង​កូនស្រីបង្កើតឈ្មោះ ផុន ភ័ក្ត អាយុ២៣ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋផ្ទះជួលកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុមាននារីម្នាក់បានងើបទៅបត់ជើងតូច ដោយបន្ទប់ទឹកផ្ទះជួលខាងលើ ប្រើរួមគ្នា ហើយគាត់បានដើរឆ្លងកាត់មុខបន្ទប់ជួលទី១ ដល់បន្ទប់ជួលទី៧ ត្រង់មុខបន្ទប់ជួលជនរងគ្រោះ ដោយបន្ទប់ខាងលើមានបើកភ្លើងហើយបានឃើញមានឈាមហូរតាមមាត់ និងនៅក្នុង​ការ​ទឹក សុទ្ធតែឈាមហើយមានការភ័យពេក បានស្រែកហៅប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ព្រមទាំងប្រពន្ធជនរងគ្រោះមក​មើល។

តាម​ប្រភពពត៌មានពីស្រ្តីជាប្រពន្ធ បាននិយាយថា រូបគាត់ជាប្រពន្ធចុង ទើបបានរួមរស់ជាមួយគ្នាជិត១ខែតែមិនសូវ ជិតស្និទ្ធនឹងគ្នាឡើយ ដោយគាត់មានកូន៤នាក់ ស្រី៣ ប្រុស១ ដោយនៅជាមួយគាត់២នាក់។ ប្រពន្ធបានបន្តទៀតថា គាត់មានបន្ទប់២ដែលនៅជិតគ្នា បន្ទប់លេខ៧មួយ និងបន្ទប់លេខ១០មួយ ហើយរូបគាត់មិនបានដឹងប្តីរបស់គាត់ក្អួតឈាមឡើយ ដោយគាត់នៅបន្ទប់ផ្សេង ដោយកូនរបស់គាត់ពេលស្រែក យំខ្លាំងពេក ហើយគាត់បានដេកលក់នៅបន្ទប់ផ្សេង ជាមួយកូនបាត់ទៅ។

បើតាមប្រភពពីកូនបង្កើតឈ្មោះផុន ភ័ក្ត ត្រូវជាកូនស្រីពៅ បាននិយាយថា ឪពុករបស់គាត់មានកូនចំនួន៣នាក់ ប្រុស១ ស្រី២ ហើយបាននិយាយថា ឪពុកខ្លួន បានបែកពីម្តាយរបស់ខ្លួនតាំងពីនៅតូចៗមកម្ល៉េះ ដោយមិនបានជួយចិញ្ចឹមកូនៗដួចឪពុកគេឡើយ ហើយ ឪពុកខ្លួន បានធ្វើកម្មករសំណង់ជាង១០ឆ្នាំមកហើយ តែពុំដែលផ្តល់លុយកាកដល់ប្រពន្ធកូនឡើយ ដោយចាយខ្លួនឯពុំគ្រាន់ផង ។

ប្រភពពីកូនបានបន្តទៀតថា ឪពុកខ្លួនចូលចិត្តហូបស្រា ជាប្រចាំ ហើយប្រមាណជាងមួយខែមុន គាត់ទៅលេងគាត់ដោយមិនសូវស្រួលខ្លួន ហើយបានឲ្យប្តីរបស់គាត់កោសខ្យល់ឲ្យ ហើយរូបគាត់បានឃើញឈាមប្រឡាក់នឹងអាវដែរ​ ប៉ុន្តែ​មិនចាប់អារម្មណ៍ ហើយឪពុកគាត់លាក់បាំងមិនប្រាប់គាត់ឡើយ ពេលឃើញឪពុកស្លាប់ ទើបដឹងថា គាត់លាក់មិនឲ្យកូនដឹង។

ក្រោយពេលកើតហេតុ គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ព្រមទាំង​ប្រគល់​សាក​សពជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕ សុខាសែនជ័យ


ចែករំលែក៖