ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» 2nd National Forum on “Protection and Conservation of Natural Resources” នៅវិមានសន្តិភាព រាជធានីភ្នំពេញដែលមានការចូលរួមពី ដៃគូអង្គការអន្តរជាតិ និងស្ថានទូតបរទេសនានា ព្រមទាំងសហគមការពារធនធានធម្មជាតិមកពីទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ តំណាងសហគម ព្រះសង្ឃ និងអង្គការដៃគូអន្តរជាតិទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ។ ពិធីជួបជុំនេះគឺធ្វើឡើងលើកទី២ហើយ ដើម្បីដំណោះស្រាយក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេស។
តាមសំណើរបស់ព្រះតេជគុណដែលបានចូលរួមថែរក្សាធនធានធម្មជាតិនៅខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនកាយដី (Excavator) ដើម្បីយកទៅរៀបចំព្រំដីអភិរក្ស និងជីកស្រះជួយដល់សហគមនៅទីនោះ។ ព្រោះកន្លងមកព្រះតេជគុណ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាការពារបរិស្ថាននៅក្នុងខេត្តឧត្តរមានជ័យនេះ។
តាមសំណើលើកឡើងរបស់អង្គការថែរក្សាសត្វព្រៃ WWF ដែលសំណូមពរអោយការពារសត្វខ្លាដំបង នៅខេត្តរតនគិរី និងមណ្ឌលគិរី គឺ សម្តេចតេជោ បានគាំទ្រអោយមានកិច្ចការពារ និងអភិរក្សសត្វខ្លាដំបង អោយបានគង់វង្សនៅទូទាំងប្រទេស គឺធ្វើយ៉ាងណាដើម្បីអោយខេត្តទាំងនេះក្លាយជាព្រៃឈើអន្តរជាតិ ដែលនឹងជួយដល់ការទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងសំខាន់។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលនឹងបន្តបង្កើនថវិការជាតិដើម្បីជួយទ្រទ្រង់ដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ។
ទាក់ទងនឹងការថែរក្សាការពារព្រៃកោងកាងនិងធនធានធម្មជាតិសិ្ថតនៅតាមឆ្នេរសមុទ្រកម្ពុជា ជាប់នឹង ខេត្ត៤គឺ ១កំពត ២កែប ៣ព្រះសីហនុ និង៤កោះកុង ដែលមានប្រវែង ៤៤០គម ដែលជាឆ្នេរសមុទ្រ ស្អាតក្នុងពិភពលោក (តារារះនាទិសនិរតី) ដែលសព្វថ្ងៃនេះមានសកម្មភាពរំលោភចាក់ដីលុបឆ្នេរ និង កាប់បំផ្លាញទន្ទ្រានព្រៃកោងកាងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិដែល រាជរដ្ឋាភិបាល បានសម្រេចនិរាករណ៍ចោលចំពោះប័ណ្ណកម្មសិទ្ឋិលើដីរដ្ឋទាំងអស់នោះកន្លងមក ប៉ុន្តែមិនទាន់មានការ អនុវត្តអោយបានពេញលេញនៅឡើយ។ ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាអោយរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម សហការជាមួយខេត្តទាំង៤ ចុះអនុវត្តិបញ្ចប់បញ្ហានេះទាំងស្រុងជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានរំលឹកមិនអនុញ្ញាត្តអោយមានការវិនិយោគដាំសារ៉ាយសមុទ្រលើសមុទ្រកម្ពុជាដាច់ខាត។ តាមការលើកឡើងរបស់វិស័យ ឯកជនដែលកំពុងធ្វើអាជីវកម្មលើផលិតផលដើមប្ញស្សី គឺ សម្តេចតេជោ បានគាំទ្រអោយសហគមបន្តដាំដើមប្ញស្សី ដែលមានប្រយោជន៍ទាំងក្នុងការទទួលទានផង និងឆ្នៃជាសម្ភារៈសម្រាប់ប្រើប្រាស់ផង និងសម្រាប់លក់ដូរដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។
ដើម្បីជួយពង្រឹងដល់សហគមមូលដ្ឋាននានាដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការការពារអភិរក្សធនធានធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតមូលនិធិបរិស្ថាន ដើម្បីផ្តល់មូលនិធិទ្រទ្រង់ជួយ សហគមនៅឆ្នាំ ២០១៨ ខាងមុខនេះ ដែលក្នុង១សហគម គឺនឹងទទួលបានមូលនិធិ ៤,០០០,០០០ (បួនលានរៀល) ។
ឆ្លៀតក្នុងថ្ងៃប្រលងបាក់ឌុបនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរក្មួយៗចៅៗសិស្សានុសិស្ស ទាំងអស់ដែលបានប្រលងក្នុងថ្ងៃនេះ ទទួលបានជោគជ័យគ្រប់ៗគ្នា។ សិស្សានុសិស្សនិទ្ទេស (A) នឹងបានមកជួបសម្តេចតេជោ នៅវិមានសន្តិភាពខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ និង សូមអរគុណដល់បណ្តាក្រសួង មន្ទីរ ស្ថាប័នជាតិ និងដៃគូអន្តរជាតិទាំងអស់ ដែលបានចូលរួម ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាអោយបាននៅគង់វង្ស៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ