ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្នុងខេត្តបាត់ដំបង និងសៀមរាប ចូលរួមកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ចាប់ពីពាក់កណ្តាលខែកក្កដារហូតមកដល់ពេលនេះសកម្មភាពអប់រំកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវបានរៀបចំក្នុងខេត្តបាត់ដំបងនិងសៀមរាបដែលក្នុងនោះប្រជាពលរដ្ឋរាប់រយនាក់ហើយបានចូលរួមដោយផ្ទាល់យ៉ាងសកម្ម។កម្មវិធីនេះត្រូវបានរៀបចំឡើងដោយព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា ។

ការពង្រីកការអនុវត្តសកម្មភាពកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខ្លួន ក្នុងខេត្តបាត់ដំបង និង សៀមរាប ក្រោយកម្មវិធីនេះទទួលបានជោគជ័យ និងមានការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ តាមរយៈការផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៧ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងអំឡុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាយុទ្ធនាការថ្នាក់តំបន់មួយដែលបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន ព្រូដិនសល ប្រចាំតំបន់អាស៊ី ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងតំបន់អាស៊ី ។ការអនុវត្ដកម្មវិធីនេះក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈភាពជាដៃគូជាមួយ អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគាំទ្រដោយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងមូលដ្ឋាន ។

លោក មាន ដូន ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខាក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខេត្តបាត់ដំបង បានមានប្រសាសន៍ថា “កម្មវិធីនេះ យើងបានធ្វើនៅក្នុងទីរួមខេត្តបាត់ដំបងចំនួនប្រាំដងផងដែរ មកទល់ពេលនេះ គឺយើងឃើញថា មានប្រជាពលរដ្ឋចំនួន ជាង៤០០នាក់ ដែលបានចូលរួមជាមួយក្រុមការងាររបស់យើងខ្ញុំ ។ មិនត្រឹមតែប៉ុណ្ណោះ យើងមានក្តីរីករាយដោយបានឃើញថា ប្រជាពលរដ្ឋទាំងអស់នៅក្នុងទីរួមខេត្តបាត់ដំបង គឺគាត់មានការពេញចិត្តក្នុងការចូលរួម ។”

លោក ខាន់ សុវណ្ណារិទ្ធ ដែលជាប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការប្រចាំសាខា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខេត្តសៀមរាប បានមានប្រសាសន៍ថា “ក្រុមហ៊ុន ព្រូដិនសលកម្ពុជា រៀបចំសកម្មភាពនេះឡើង ក្នុងគោលបំណងដើម្បីអប់រំដល់ប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដងផ្លូវឲ្យគាត់មានការយកចិត្តទុកដាក់ខ្ពស់ ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រោះអីការធ្វើដំណើរតាមដងផ្លូវសព្វថ្ងៃ បើយើងមានការធ្វេសប្រហែសតែបន្តិច វាអាចធ្វើឲ្យគាត់ ឬក្រុមគ្រួសារគាត់មានវិប្បដិសារីបាន ។”ដោយមានឯកសារអប់រំត្រឹមត្រូវពីកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពន្យល់ណែនាំច្បាស់លាស់ពីក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ហើយថែមទាំងមានរង្វាន់វត្ថុអនុស្សាវរីយ៍គួរឲ្យទាក់ទាញទៀតនោះ សកម្មភាពដែលបានអនុវត្តកន្លងមកនេះ ទទួលជោគជ័យយ៉ាងធំធេង និងមានការទទួលស្វាគមន៍ពីសំណាក់ ប្រជាពលរដ្ឋគ្រប់រូបដែលបានចូលរួម ៕ វឌ្ឍនា


ចែករំលែក៖