ភ្នំពេញ៖ ក្រុមហ៊ុនឯកជនជាច្រើន បានបន្តប្រកាសជួយដល់ការគាំទ្ររបស់ខ្លួនដល់អត្តពលិកកម្ពុជា ដែលកំពុងតែចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ក្នុងប្រទេសម៉ាឡេស៊ី។ ជាក់ស្តែង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ផាយ ផេ (Pi Pay) ដែលជាកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់ក៏បានប្រកាសពីការចូលរួមចំណែកជួយដល់ អត្តពលិកកម្ពុជា ផងដែរ។
ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីដែលបានរៀបចំនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាប្រដាល់កម្ពុជាបានអរគុណដល់ក្រុមហ៊ុនផាយ ផេ សម្រាប់ការឧបត្ថម្ភទឹកប្រាក់ ៥០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់ការហ្វឹកហាត់ និងការទ្រទ្រង់ដល់កីឡាករប្រដាល់ចំនួន ៩ រូបដែលកំពុងប្រកួតនៅប្រទេសម៉ាឡេស៊ី។
លោក តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរ បានពន្យល់ថា៖ “យើងសូមថ្លែងអំណរគុណសម្រាប់ការជួយគាំទ្រមកដល់កីឡាករប្រដាល់របស់យើង។ ពួកគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតក្នុងកីឡាស៊ីហ្គែម ហើយយើងក៏មានក្តីរំភើបនៅពេលដែលឃើញពួកគេប្រកួតជាមួយនឹងកីឡាករប្រដាល់ល្អៗនៅក្នុងតំបន់”។
លោកបានបន្ថែមទៀតថា នៅពេលដឹងថា យើងទទួលបានការគាំទ្រពីអ្នកក្នុងស្រុកចំពោះសកម្មភាពកីឡា ដែលតំណាងឲ្យប្រទេសកម្ពុជា នៅឯក្រៅប្រទេសដូច្នេះ គឺជារឿងអស្ចារ្យ ហើយជាពិសេស គឺ ការគាំទ្រពីក្រុមហ៊ុនថ្មី ឈ្មោះ ផាយ ផេ នេះគឺជាកិត្តិយសមួយសម្រាប់យើងផងដែរ។
លោក ថូម៉ាស់ ផូករនី (Tomas Pokorny) នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា៖ “យើងបានទទួលការគាំទ្រយ៉ាងច្រើន ចាប់តាំងពី ផាយ ផេ ត្រូវបានដាក់ឲ្យដំណើរការសាកល្បងរួចមក។ យើងមានមោទនភាពដែលបានជួយត្រលប់ទៅវិញដល់ប្រទេសកម្ពុជាតាមរយៈការជួយឧបត្ថម្ភដល់អត្តពលិករបស់យើងដែលកំពុងតែចូលរួមប្រកួតនៅឯប្រទេសម៉ាឡេស៊ី។ ពិធីបើកកីឡាស៊ីហ្គែមបានធ្វើឡើងនៅឯទីក្រុងកូឡាឡំពួរ កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន ហើយការប្រកួតបានចាប់ផ្ដើមរួចរាល់ហើយ សម្រាប់ប្រភេទកីឡាមួយចំនួនធំ ដែលមាននៅក្នុងកម្មវិធី ស៊ីហ្គែម លើកទី ២៩ នេះ ។ ប្រទេសកម្ពុជាបានទទួលមេដាយសំរឹទ្ធចំនួនបី ហើយឈរពីលើប្រទេសទីម័រខាងកើត សម្រាប់តារាងចំនួនមេដាយ ដែលឈ្នះ។ ព្រឹត្តិការណ៍កីឡាប្រដាល់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ហើយកម្មវិធី ប្រគល់មេដាយនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ដែលមានមេដាយចំនួន ៦ សម្រាប់ការប្រជែងយកក្នុងទម្ងន់ផ្សេងៗ៕ វឌ្ឍនា