ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវឃាត់ខ្លួនករណីរក្សាទុកគ្រឿងញៀនជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោចាប់ ឃាត់ខ្លួនក្នុងករណីពាក់ព័ន្ធរក្សាទុកគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ២១៧ មុខ វត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈដែលបុរសរូបនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ។

គួរបញ្ជាក់ថា កម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោមាន៥៣នាក់ ក្នុងនោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ២៣នាក់ កងរាជអាវុធហត្ថមូលដ្ឋានខណ្ឌ១៦នាក់ និងកម្លាំងនគរបាលខណ្ឌ១៤នាក់ដឹកនាំដោយលោក ជ គឹមស៊រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ត្រី នាក់ ណារ៉ូ អធិការរងនគរបាលខណ្ឌ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ។

លោក ជ គឹមស៊រ អភិបាលរងខណ្ឌដង្កោបានប្រាប់ថា ដោយមានការដាក់បទបញ្ជាផ្ទាល់ពីលោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ឲ្យមានការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើដងផ្លូវ២១៧ ហើយក្នុងនោះយើងបានកំណត់យកគោលដៅមុខវត្តសំបួរនេះ។ ដោយឡែកនៅយប់ថ្ងៃទី២៣សីហានេះ យើងបានដាក់ពង្រាយកម្លាំងលើដងផ្លូវចាប់អនុវត្តភ្លាម១៥នាទីក្រោយ យើងបានឆែកឆេរលើខ្លួនបុរសម្នាក់រកឃើញមានលាក់ទុកគ្រឿងញៀន១កញ្ចប់តូច។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលជំនាញខណ្ឌដង្កោក៏ចាប់ដឹកយកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសនោះជាប់សង្ស័យរក្សាទុកគ្រឿង ញៀនមានឈ្មោះ ប៉ែន សុផាត អាយុ២៦ឆ្នាំ មុខរបរអ្នកគួកជេរម៉ូតូ និងស្នាក់នៅផ្ទះជួលម្តុំម៉ៃដា។ ជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GN9642។ ជនសង្ស័យប្រាប់ថា រូបគេទៅទិញថ្នាំញៀននេះក្រុងតាខ្មៅក្នុងតម្លៃ១០ម៉ឺនរៀល។

សមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ តាឡឹម


ចែករំលែក៖