មន្ត្រីនិងភ្នាក់ងារគយមួយចំនួននៅខេត្តកំពតបានឲ្យដឹងថា ចាប់តាំងពីលោក ញ៉ែម សេង ចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកព្រែកចាករួចមកគឺ បុគ្គលនេះប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅដោយពុំមាន ញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ញ៉ែម សេង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ ដែល ជាមេគយខេត្តកំពតផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅបានដោយរលូន។ ហេតុនេះ ហើយទើបឈ្មួញមួយចំនួនអាចដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ ចូលតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពតកាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋ ខាត បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ។
ប្រភពពីមន្ត្រីនៅច្រកព្រែកចាក ខេត្តកំពតបានបង្ហើបឲ្យដឹងថាទំនិញច្រើនប្រភេទដែលឈ្មួញនាំចូលពីស្រុកយួនតាមច្រកព្រែកចាក គឺបង់ពន្ធយ៉ាងច្រើនត្រឹម៣០ទៅ ៤០ភាគរយប៉ុណ្ណោះក្រៅពីនេះគឺឈ្មួញបង់លុយក្រោមតុឲ្យលោក ញ៉ែម សេង។ លោក ហេង សំបូរ មេគយខេត្តកំពតជាអ្នកទទួលខុសត្រូវធំជាងគេ ព្រោះលោក ហេង សំបូរ ជាអ្នកបើកដៃឲ្យលោក ញ៉ែម សេង ប្រធានការិយាល័យគយច្រកព្រែកចាក ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ ។
ឈ្មួញតូចតាចនិងអាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគាត់នាំចូល បន្លែបង្ការ ផ្លែឈើ ឬទំនិញចាប់ហួយបន្តិចបន្តួចគឺលោក ញ៉ែម សេង ប្រើអំណាចជំរិតយកលុយដោយគ្មានការអនុគ្រោះនោះទេ។ ប៉ុន្តែលោក ញ៉ែម សេង បែរជាឃុបឃិត ឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ សូម្បីតែគ្រឿងសមុទ្រដូចជា ក្ដាម មឹក បង្គា ដែលមានលាយសារធាតុគីមី រក្សាគុណភាពឲ្យបានយូរនោះក៏ឈ្មួញអាចនាំចូលតាមច្រកព្រែកចាកយ៉ាងស្រួលៗដែរ ៕