ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង អេដា ហេង ពិទូ និងក្រុមក្មេងខ្មែរត្រៀមបទថ្មីឲ្យសាន់ដេ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះរឿងតារាចម្រៀង ខេមរៈ សិរីមន្ត ដើរចេញពីផលិតកម្ម សាន់ដេ ស្រាប់តែលេចចេញដំណឹងថាតារាប្រុសស្រីល្បីឈ្មោះខាងOriginal Song មួយចំនួនត្រៀមចូលច្រៀងឲ្យផលិតកម្មសាន់ដេទៅវិញ។ បទចម្រៀងថ្មីរបស់ពួកគេនឹងចេញលក់ក្នុងពេលឆាប់ៗនេះ។

តារាចម្រៀងល្បីនៅផលិតកម្មសាន់ដេ នៅពេលនេះមានដូចជា កញ្ញា សុខ ពិសី លោក ឆាយ វីរៈយុទ្ធ ខាត់ ជេម ជាដើម ពិសេសតារាចម្រៀង និងកំប្លែង នាយ ចឺម ដែលកំពុងផ្ទុះចេញបទចម្រៀងថ្មីជាច្រើនបទបន្តបន្ទាប់គ្នាក្នុងផលិតកម្មនេះ។ផលិតកម្មសាន់ដេដែលស្ងប់ស្ងាត់ បន្តិច បានត្រៀមទប់ទល់នៃការធ្លាក់ចុះប្រជាប្រិយភាព របស់ខ្លួន បានដាក់ទ័ពស្រួចថ្មីចូលប្រយុទ្ធវាយលុកទីផ្សារបទចម្រៀងបន្ត។ ដំណឹងចុងក្រោយដែលលេចចេញពីផលិតកម្មសាន់ដេ បានលើកឡើងថា គ្រានេះតារាប្រុសស្រីល្បីឈ្មោះផ្នែកបទចម្រៀងថ្មី ដូចជា អេដា ហេង ពិទូ និងក្រុមក្មេងខ្មែរបានត្រៀមចេញបទផ្ទាល់ខ្លួនរបស់ពួកគេដើម្បីធ្វើឲ្យកក្រើក។ ប្រភពបន្តថា កិច្ចសន្យាជាមួយតារាចម្រៀងថ្មីៗទាំងនេះបានសម្រេចហើយ គឺនៅតែថ្ងៃចេញបទចម្រៀងថ្មីតែប៉ុណ្ណោះ ហើយមិនយូទេពួកគេនឹងចេញបទថ្មី។

ប្រសិនបើដំណឹងដែលលេចចេញនេះគឺជារឿងពិតមែន ផលិតកម្មសាន់ដេ នឹងអាចស្តាមុខមាត់ ឬក៏អាចលេចចេញការគាំទ្រខ្លាំងជាមុនព្រោះតែសមត្ថភាពនៃការនិពន្ធបទចម្រៀងផ្ទាល់ខ្លួនរបស់តារាចម្រៀងទាំងនេះគឺមិនអន់នោះទេ។

អ្នកចាត់ការទូទៅរបស់ផលិតកម្មសាន់ដេ លោក ឡាយ សុខចំរើនស្នើមិនបញ្ជាក់អំពីវត្តមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះខាងលើក្នុងផលិតកម្មរបស់លោក។ លោកបញ្ជាក់ថា ក្រោយការចាកចេញរបស់លោកខេមរៈ សិរីមន្តគឺនឹងមានវត្តមានតារាចម្រៀងថ្មីជាច្រើនចូលមកផលិតកម្មនេះ ប៉ុន្តែលោកស្នើមិនបញ្ជាក់ថានឹងជាតារាចម្រៀងរូបណាទេ។ លោកចាត់ទុកថាការចូល និងចាកចេញរបស់តារាចម្រៀងពីផលិតកម្មមួយទៅផលិតកម្មមួយគឺជារឿងធម្មតាព្រោះតារាចម្រៀងទាំងអស់មានសិទ្ធិក្នុងការជ្រើសរើសផលិតកម្មដែលខ្លួនពេញចិត្ត៕ វឌ្ឍនា


ចែករំលែក៖