ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនរថយន្តសាំយ៉ុងដឹកឈើបន្តកន្ទុយគ្នាចេញពីខេត្តស្ទឹងត្រែងឆ្លងទៅវៀតណាមតាមខេត្តក្រចេះ កាលពីម៉ោង១២និង១២នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ សីហានេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បើទោះជាមានសមត្ថកិច្ច អាជ្ញាធរ ជំនាញរាប់កញ្ឆេរមានវត្តមានតាមដងផ្លូវក៏ច្រើនស្អេកស្កះក្តី ក៏ក្បួនរថយន្តសាំយ៉ុងដឹកឈើបើកបន្តកន្ទុយគ្នាដោយគ្មានខ្លាចញញើតសូម្បីតែបន្តិច ខណះសមត្ថកិច្ច អាជ្ញាធរ ជំនាញរាប់មិនអស់ទាំងនោះ សប្បាយនឹងការចោលក្រសែភ្នែករាប់ក្បាលឡាន ក្នុងបំណងមិនអោយខុសទូលេខពីអ្នករត់ការបង់ប្រាក់អោយនោះ?

ក្បួនឡានដឹកឈើដ៏អណាធិបតេយ្យនេះមានអត្ថិភាពផងដែរក្នុងការបើកបរដោយរូបភាពប្រជែងគ្នាពេញដងផ្លូវ ស្របពេលសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ មិនរវីរវល់បើកភ្នែកមើលក្បួនឡានដឹកឈើ ឬខ្លាចប៉ះឆ្នាំងបាយមេៗរបស់ពួកគាត់ ។

ជាក់ស្តែងកាលពីវេលាម៉ោង១២និង១២នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ក្បួនឡានសាំយ៉ុងដឹកឈើបានបោះពួយបន្តបន្ទុយគ្នា សុទ្ធតែប្រភេទឈើធ្នង់ចេញពីស្រុកសៀមប៉ាង កាត់ខេត្តស្ទឹងត្រែង ដែលករណីខ្លះបន្តទៅវៀតណាមតាមស្រុកស្នួល ខេត្តក្រចេះ និងមួយចំនួនទៀតយកមកទម្លាក់ទុកនៅម្តុំអូរព្រះ បន្តលើកដាក់ឡានយីឌុបទៅវៀតណាមដូចគ្នាតាមច្រករបៀងដដែល។

ក្បួនឡានដឹកឈើទាំងនេះមិនត្រឹមតែដឹកជញ្ជូនផលព្រៃឈើខុសច្បាប់ប៉ុណ្ណោះទេ ពួកគេក៏ងាយនិងបង្កគ្រោះថ្នាក់ចរាចរណ៍ ខណះបើកប្រជែងពេញផ្លូវ ជាការប្រុងប្រយ័ត្នមិនអោយមានអ្នកផ្សេងមកវ៉ាកាត់ឡានក្បួនឈើពួកគេ ហើយសមត្ថកិច្ច អាជ្ញាធរ ជំនាញរាប់កញ្ឆេរមានវត្តមានតាមដងផ្លូវក៏ច្រើនស្អេកស្កះមិនខ្វល់ទេបញ្ហាទាំងអស់នេះ សំខាន់គឺប្រមូលលុយទុកអោយមេនិងប្រយោជន៍ផ្ទាល់ខ្លួន ដោយរំលោភលើទំនុកចិត្តថ្នាក់លើដាក់បញ្ជាអោយមកបង្ក្រាប តែយកអំណាចតួនាទី ភារកិច្ចមកប្រមូលលុយពីឈ្មួញឈើក្លាយជាវប្បធម៍ដ៏អាក្រក់សម្រាប់ពួកគេយកមកធ្វើមានធ្វើបាន។

មន្ត្រីខ្លះលើកឡើងថា៖ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ត្រូវបានចាប់ខ្លួនក្នុងបទល្មើសបើកឡានដើរប្រមូលលុយពីប្រជាជនដឹកជន្លង់ ពី១ឡាន១៥០០០រៀល ទៅ១០ដុល្លារ ហើយករណីនេះក៏មានការគាំទ្រពីចំណាត់ការផ្លូវច្បាប់ដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) តែអ្វីមិនចាត់ការបន្តត្រង់ថា នៅមានសមត្ថកិច្ច អាជ្ញាធរ ជំនាញរាប់កញ្ឆេរប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរលើសនេះគឺមានច្រើនណាស់ បានយកលុយសំណូកខ្ពស់បំផុត បើឡានសាំយ៉ុងដឹកឈើធ្នង់ ក្នុង១ឡានត្រូវបង់អោយសមត្ថកិច្ច១ស្ថាប័នចាប់ពី៦០០០០រៀលដល់ ១៥០ដុល្លារឬ៣០០ដុល្លារ ក្លាយជាវប្បធម៍ពុករលួយលក្ខណះប្រព័ន្ធ ដោយជនប្រព្រឹត្តទាំងនេះគេស្គាល់ក្រយ៉ៅច្បាស់បំផុត។ កក្រើកឡើងវិញបទល្មើសព្រៃឈើ ស្របពេលអ្នកមានតួនាទីបង្ក្រាបកំពុងញៀនយ៉ាងងុបងល់និងប្រយោជន៍នេះ ហើយសម្ងំដ៏សុខសាន្ត៕ លក្ម្ស៊ី


ចែករំលែក៖