ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសាររថយន្តដឹកថ្មមួយគ្រឿង បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បានកៀរម៉ូតូរបស់គាត់បណ្តាលឲ្យដួល កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេងត្រង់ទល់មុខសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយព្រោះរងរបយសធ្ងន់ គ្រាន់តែដឹងថាគាត់ ជិះម៉ូតូម៉ាកហុងដា ZOOMER-X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FN-៤៧៥៦ ។ ចំណែករថយន្តបង្កជារថយន្តដឹកថ្មប្រភេទយីឌុប ពណ៌លឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង ដឹកថ្មចូលសួនឧស្សាហកម្ម ។
សាក្សីបានឲ្យដឹង ថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូរងគ្រោះបើកបរដោយបុរសម្នាក់ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវវេង ស្រេង ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។លុះជិះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តដឹកថ្មធុនធំមួយគ្រឿង ពណ៌លឿង បើកបរក្នុងទិសដៅពីលិចទៅកើត បានបត់ឆ្វេងចូលសួន ហើយម៉ូតូរងគ្រោះខាងលើបើកលឿនជាន់ហ្វ្រាំងមិនជាប់ ត្រូវរថយន្តបង្កបើកកៀរម៉ូតូនោះបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់សន្លប់ស្តូកស្តឹងតែម្តង ។ បន្ទាប់មករថយន្តបង្កបានបើកចូលក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាទាំងតក់ក្រហល់រួចថែមទាំងបុក ទ្វាររបងសួន បណ្តាលឲ្យវៀចខូចមួយចំហៀងនិងបានបើកទុកក្នុងសួនហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានឲ្យដឹងទៀតថា ភ្លាមៗនោះ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល ហើយព្រមទាំងលើកម៉ូតូជនរងគ្រោះទៅជាមួយដែរ ប៉ុន្តែម៉ូតូខូចជិះមិនកើត បានអូសដាក់អែបចិញ្ចើមផ្លូវជិតកន្លែងកើតហេតុ ។
ក្រោយពេលមកនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យទៅដល់បម្រុងវាស់វែងតែមិនបានវាស់វែងទេ ដោយសារតែម៉ូតូជនរងគ្រោះត្រូវបុគ្គលិកគ្លីនិកឯកជនលើកចេញពីកន្លែងកើតហេតុខុសប្រក្រតីបាត់ទៅហើយទើបនាំយកម៉ូតូ និងរថយន្តបង្កខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីរង់ចាំការដោះស្រាយពេលក្រោយ ៕ ប្រាថ្នា