ភ្នំពេញ៖ ក្រោយពីទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មលក់រថយន្តនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់រហូតដល់ផ្សាររាត្រី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានយល់ព្រមទុកឲ្យរយៈពេលតែ២ថ្ងៃទៀត ដើម្បីរកទីតាំងចំណតថ្មី ។
នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៤:៣០នាទីរសៀល លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីត្រៀមចុះរៀបចំចំណតអណាធិបតេយ្យនៅផ្លូវលេខ១០៦ និង១០៨ ជុំវិញសួនច្បារផ្សារ និងចំណតអណាធិបតេយ្យផ្សេងៗទៀត រួមទាំងចំណតម៉ូតូជុំវិញផ្សាររាត្រីផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលបានជម្រាបជូនអំពីការងារចុះរៀបចំចំណតជុំវិញសួនទីលានប្រជាធិបតេយ្យ និងសួនច្បារផ្សារចាស់ ដែលកន្លងទៅរដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ បានចុះជូនដំណឹងរយៈពេល៧ថ្ងៃជាប់គ្នាក្រោយពេលចេញសេចក្តីជូនដំណឹង និងបានផ្សព្វផ្សាយយ៉ាងទូលាយតាមរយៈបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរដ្ឋបាលខណ្ឌដូនពេញទទួលបានគោលការណ៍ពីសាលារាជធានីក្នុងការគ្រប់គ្រងរៀបចំសណ្តាប់ធ្នាប់ទីតាំងខាងលើនេះ។
តាមរយៈកិច្ចប្រជុំនេះដែរ ក៏មានលើកឡើងនូវសំណូមពរមួយចំនួនដែលទទួលបានពីបងប្អូនអាជីវករតាំងរថយន្តចតលក់ជុំវិញទីតាំងខាងលើរួមមាន៖
-បងប្អូនអាជីវករមួយចំនួន បានឯកភាពនិងសាទរចំពោះចំណាត់ការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ជុំវិញទីតាំងខាងលើ។
-ស្នើសុំឲ្យទុករយៈពេល ពី២-៣ខែទៀត ដើម្បីពួកគាត់មានពេលគ្រប់គ្រាន់រកទីតាំងថ្មីដាក់រថយន្ត ក៏ដូចជាមានពេលលក់រថយន្តដែលកំពុងមាន ព្រោះរយៈពេលដែលរដ្ឋបាលខណ្ឌបានកំណត់ មានរយៈពេលខ្លីពេក។
-ស្នើសុំឲ្យរដ្ឋបាលខណ្ឌ ជួយរកទីតាំងថ្មីសមរម្យ សម្រាប់ការតាំងលក់រថយន្ត។
បន្ទាប់ពីប្រជុំពិភាក្សារួចមក អង្គប្រជុំបានឯកភាព៖
-ទុករយៈពេល២ថ្ងៃទៀត (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីឲ្យបងប្អូនអាជីវករលក់រថយន្ត និងម្ចាស់ចំណតម៉ូតូជុំវិញសួនច្បារទីលានប្រជាធិបតេយ្យ និងសួនច្បារផ្សារចាស់ ដើម្បីចេញទៅកន្លែងថ្មី
-ស្នើឲ្យម្ចាស់ទីតាំងអាជីវកម្មចំណតម៉ូតូជុំវិញផ្សាររាត្រី និងជុំវិញសួនផ្សារចាស់ រើចេញជាបន្ទាន់ ជៀសវាងការអនុវត្តវិធានការរដ្ឋបាល នៅថ្ងៃច័ន្ទ សប្តាហ៍បន្ទាប់។
-សំណូមពរឲ្យ ក្រសួង ផ្នែកឯកជន និងប្រជាពលរដ្ឋដែលនៅតាមដងផ្លូវ សងខាងសួន ចូលរួមសហការណ៍ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញទីតាំងខាងលើ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
កន្លងមកចំណតរថយន្តជុំវិញសួនផ្សារចាប់ពីអតីតទីលានប្រជាធិបតេយ្យ រហូតដល់សួនផ្សាររាត្រី បានបង្កការកកស្ទះចរាចរណ៍ បញ្ហាសំរាម និងបង្កភាពថ្នាំងថ្នាក់ខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវ១០៦ និងផ្លូវ១០៨ និងមានការលើកឡើងជាសំណូមពរតាមរយៈវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងពាក្យបណ្តឹងជាដើម សុំឲ្យលុបបំបាត់ចំណតជុំវិញទីតាំងនេះ និងស្នើសុំឲ្យមានការចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ជុំវិញទីតាំងនេះ ឲ្យបានល្អ១០០% ៕ស តារា