ភ្នំពេញ ៖ បើទោះបីការប្រកួតរបស់កីឡាករ ពេជ្រម្ទេស ខ្មាំង បានបញ្ចប់ហើយត្រឡប់មកវិញ និងមេដាយសំរឹទ្ធិ១គ្រឿងក៏ពិតមែន ប៉ុន្តែកីឡាករ រូបនេះហាក់មិនពេញចិត្ត ចំពោះទង្វើ លោកអាជ្ញាកណ្តាល មើលមិនឃើញចំណុចល្អ របស់ខ្លួន ពេលប្រកួតជាមួយកីឡាករ ហ្វុីលីពីន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែម្ទេសខ្មាំងបានទទួលស្គាល់ចំពោះបច្ចេកទេសដៃគូរបស់គេថា មានភាពប៉ិនប្រសបក្នុងការវាយលុក។ កីឡាករ ពេជ្រម្មទេស ខ្មាំង ថ្លែងបែបនេះក្រោយត្រឡប់មកដល់ កម្ពុជា កាលពីល្ងាចថថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
កីឡាករ ពេជ្រម្ទេស ខ្មាំង បានលើកឡើងថា មូលហេតុដែលនាំឲ្យរូប បរាជ័យ ក្នុងថ្វីដៃកីឡាករ ហ្វុីលីពីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ដោយសារតែ កីឡាករហ្វុីលីពីន មានភាពវ៉ៃឆ្លាត ក្នុងការវាយសំបុក និងវាយបកសង ម្យ៉ាងទៀងកីឡាកររូបនោះគេមានកម្ពស់ខ្ពស់ជាង ហើយនិងបច្ចេកទេសក៏ល្អដែរ។ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតលើកនេះគេសន្យាថា នឹងយកបទពិសោធន៍នេះ មកដុសខាតបន្ថែម សម្រាប់ស៊ីហ្គេមលើកក្រោយ ដើម្បីស្វែងរកមេដាយជូនប្រទេសជាតិ។
កីឡាករ ពេជ្រម្ទេច ខ្មាំង បានបញ្ជាក់ពីទស្សនៈរបស់ខ្លួនថា “ខ្ញុំធ្លាប់យកពីករណីលោកអាជ្ញាកណ្តាលរាប់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមខ្លះៗដែរ ខ្ញុំអន់ចិត្តដែរព្រោះគាត់រាប់អត់ទំនង ការប្រកួតកំពុងវាយប្តូរគ្នាទៅវិញទៅមក (អាតាក់) ស្រាប់តេគាត់(អាជ្ញាកណញតា)ចាប់ខ្ញុំរាប់យកតែម្តង សម្រាប់ខ្ញុំៗវាយគាត់ងើយខ្លាំងជាង គាត់វាយខ្ញុំទៀត ហេតុអ្វីបានជាគាត់អត់ចាប់កីឡាករហ្វីលីពីនរាប់ ក្នុងនោះកីឡាករហ្វីលីនពីនវាយចូលត្រឡោក២ទៅ៣ដង ហើយអាជ្ញាកណ្តាលឈរទល់មុខអត់ចាប់ហ្វូតឬប្រមានខ្ញុំអត់យល់កន្លែងហ្នឹង ”
ដោយឡែក លោកឆឹង យៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា លោកគិតថា លោកមានក្តីសង្ឃឹមខ្ពស់ដែរ ព្រោះកីឡាករ ប្រដាល់របស់លោកមានការហ្វឹកហាត់ខ្លាំង កម្លាំងពេញគ្រប់គ្រាន់ ក្នុងការប្រកួតវគ្គជម្រុះជុំទី១ កីឡាករ ពេជ្រម្ទេសខ្មាំង បានជួបជាមួយ កីឡាករ មកពីសិង្ហរី មិនមែនការឈ្នះកីឡាករសិង្ហបុរីនោះជារឿងងាយស្រួលនោះទេ។ លោកបានបន្តថា វាជាការចៃដន្យ ដែល ម្ទេសខ្មាំងចាប់គូ ជួបនិងកីឡាករហ្វុីលីពីន ម្យ៉ាងវិញទៀតកីឡាប្រដាល់សកលនេះ មិនមែនជាកីឡាធម្មតា ដែលងាយស្រួលដណ្តើមយកមេដាយនោះទេ ព្រោះជាប្រភេទកីឡាអូឡាំពិក ដូច្នេះពិបាកណាស់ចង់មេដាយសំរឹទ្ធិ១គ្រឿងនេះ ក៏បង្ហាញពីភាពអស្ចារ្យដែរ ព្រោះប្រទេសខ្លះគាត់អត់ទាំងបានផងដូច ឡាវ ប៊ុ្រយណេ ទីម័រខាងកើត មីយ៉ាន់ម៉ាជាដើម។
សូមបញ្ជាក់ សម្រាប់អត្តពលិកកម្ពុជា ដែលទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីបាននិងកំពុងឈរនៅលេខរៀងទី៨ជាបណ្តោះអាសន្នក្នុងចំណោមប្រទេសក្នុង តំបន់ ប៉ុន្តែមានប្រភេទកីឡាខ្លះក៏កំពុងបបន្តឈានចូលប្រកួត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ៕ សារីម