ព័ត៌មានទាន់ហេតុការណ៍៖

បើកវាំងននខ្មៅ៖ មិនមែនករណីប្លន់ទេ គឺប្ដីនិងប្អូនប្រុសរួមគ្នាសម្លាប់ប្រពន្ធ ព្រោះភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តស្វាយរៀងៈ ការពិតត្រូវបានលាតត្រដាងទាំងស្រុង បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រើរយៈពេលត្រឹមតែ៨ម៉ោងតែប៉ុណ្ណោះ ឈានទៅដល់ការបំបែកសំណុំរឿងប្លន់សម្លាប់នៅស្វាយជ្រំ ហើយឈានទៅរកការឃាត់ខ្លួនជនសង្ស័យ២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ដែលរួមគំនិតគិតទុកជាមុន ដើម្បីសម្លាប់ស្ត្រីជាប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ។

ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកកែវ សុថា នាយការិយាល័យព្រហដ្ឋានកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីមានករណីប្លន់សម្លាប់ខាងលើនេះ កើតឡើងភ្លាមសមត្ថកិច្ចនគរបាលជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកកុយ សុភាព ស្នងការរងសហការជាមួយ លោកស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវ និងស៊ើបអង្កេត ដោយប្រើរយៈពេលត្រឹមតែ៨ម៉ោងតែប៉ុណ្ណោះ ឈានទៅដល់ការបំបែកសំណុំរឿងនេះបានទាំងស្រុងហើយ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងរឹបអូសវត្ថុតាងអាវុធAK ៤៧កាត់ ស្វាយបត់០១ដើម និង២៧គ្រាប់ នៅលំនៅឋានរបស់ប្អូនប្រុសបង្កើតរបស់បុរសជាប្ដីស្ត្រីរងគ្រោះ ក្នុងភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

លោកបន្តថា ចំពោះជនសង្ស័យជាបងប្អូនបង្កើតនឹងគ្នា ដែលត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនមានឈ្មោះ សូរ សាមឿន អាយុ៥២ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនសស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គឺជាជនដៃដល់ ដែលបាញ់សម្លាប់ស្ត្រីរងគ្រោះជាបងថ្លៃរបស់ខ្លួន។ ចំណែកបុរសជាប្ដីមាន ឈ្មោះ សូរ ឈន អាយុ៥៦ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅ ភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ។

រីឯស្ត្រីរងគ្រោះមានឈ្មោះ វ៉ា សំអូន អាយុ ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទៅលំនៅជាមួយនឹងប្ដីខាងលើ។

ប្រភពបន្តថា មូលហេតុមកពីភ្លើងប្រចណ្ឌ ព្រោះបុរសជាប្ដី ឃើញប្រពន្ធឧស្សាហ៍ដើរលេងខាងក្រៅជាមួយប្រុសផ្សេង ទើបរៀបចំគម្រោងគិតទុកជាមុន ជាមួយប្អូនប្រុសហើយបានសម្លាប់ប្រពន្ធចោលតែម្ដង។

ប្រភពបន្តថា ក្រោយពីធ្វើសកម្មភាព គឺជនសង្ស័យជាប្ដីបានធ្វើជាមកពីភ្នំពេញ និងរៀបរាប់ប្រាប់សមត្ថកិច្ចថា ទូរស័ព្ទមកប្រពន្ធមិនចូល ទើបរកក្មួយឌុបមកស្វាយរៀង ពេលមកដល់ផ្ទះធ្វើជាឆោឡោស្រែកយំឱបសាកសពប្រពន្ធ ហើយថា ចោរប្លន់បាញ់សម្លាប់ប្រពន្ធរបស់ខ្លួនទៅវិញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់។

សូមរំលឹកឡើងវិញថា មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយពីមានករណីឃាដកម្មប្លន់សម្លាប់យកទ្រព្រសម្បត្តិខ្សែកមាស១ដំឡឹង ខ្សែដៃ២ខ្សែ ស្មើ១ដំឡឹងកន្លះ លុយដុល្លារ១៧០០ដុល្លារ និងប្រាក់រៀល២៧០០០០០រៀល។

បើតាមបុរសជាប្តីរបស់ស្ត្រីរងគ្រោះមានឈ្មោះ សូរ ឈន អាយុ ៥៤ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ វ៉ា សំអូន ភេទស្រី អាយុ ៤០ឆ្នាំ ៕ យឹម សុថាន


ចែករំលែក៖