ភ្នំពេញ៖ កាលពីថ្ងៃទី២៨ សីហា កម្មវិធីអាហារូបករណ៍ SCG Sharing the Dream ប្រចាំឆ្នាំ២០១៧នេះ បានបញ្ចប់ទៅដោយជោគជ័យ ហើយពិធីប្រគល់រង្វាន់ដល់សិស្សានុសិស្ស ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកNuttavudh Photisaro ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា លោក Arsa Sarasin នាយកក្រុមហ៊ុន អេស ស៊ី ជី និងមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អេស ស៊ី ជី តំណាងមកពីគ្រឹះស្ថានអប់រំនិងក្រសួង ក៏ដូចជាសិស្សានុសិស្សជ័យលាភីទាំង ២៥០ នាក់ ។
អស់រយៈពេល៤ឆ្នាំមកហើយ ដែលក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ាន បានអនុវត្តកម្មវិធី អាហារូបករណ៍ SCG Sharing the Dream (អេស ស៊ី ជី ចែករំលែកក្តីសុបិន្ត) នៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះផ្តល់អោយសម្រាប់សិស្សវិទ្យាល័យកំពុងសិក្សាថ្នាក់ទី១០ ទី១១ និងទី១២ ។ ដោយផ្តោតលើការវាយតម្លៃសមត្ថភាពការសិក្សារបស់សិស្ស ភាពកត្តញូរបស់ពួកគេចំពោះឪពុកម្តាយ និងឆន្ទៈផ្ទាល់ខ្លួនរបស់សិស្ស កម្មវិធីនេះបានចូលរួមចំណែកលើកកម្ពស់ឱកាសបន្តការសិក្សារបស់សិស្សចំនួន ៧០០នាក់ រួចមកហើយ គិតមកដល់ពេលនេះ ។
លោក Arsa Sarasin នាយកក្រុមហ៊ុន អេស ស៊ី ជី បានមានប្រសាសន៍ថា “នៅឯក្រុមហ៊ុន អេស ស៊ី ជី ការប្តេជ្ញាចិត្តសំខាន់មួយរបស់យើង គឺព្យាយាមក្លាយខ្លួនជាក្រុមហ៊ុនល្អ និងលើកស្ទួយការរស់នៅរបស់ប្រជាជនក្នុងសហគមន៍ទាំងឡាយដែលយើងធ្វើប្រតិបត្តិការ ។ យើងមានជំនឿរថា វិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ។ ដូច្នេះ កម្មវិធីអាហារូបករណ៍ SCG Sharing the Dream ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រយុវជនទាំងឡាយនៅក្នុងបណ្តាប្រទេសអាស៊ាន រួមមាន កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ឡាវ ភីលីពីន និងថៃ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់ទទួលបានការអប់រំខ្ពស់ ។”លោក Arsa បានបន្ថែមទៀតថា “នៅក្នុងឆ្នាំទី៤ នៃការអនុវត្តកម្មវិធី SCG Sharing the Dream នៅកម្ពុជា យើងបានបង្កើនចំនួនអាហារូបករណ៍បន្ថែមចំនួន ៥០ រង្វាន់ថែមទៀត ហើយក៏បានពង្រីកវិសាលភាពកម្មវិធីនេះទៅដល់ខេត្តថ្មីមួយទៀត ដូច្នេះ នៅឆ្នាំនេះយើងផ្តល់រង្វាន់ដល់សិស្សជ័យលាភីសរុប ២៥០នាក់ ដែលមកពីខេត្ត-រាជធានីចំនួនបីគឺ រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តកណ្តាល ។ យើងមានជំនឿក្នុងក្តីសុបិន្តរបស់យុវវ័យគ្រប់រូប ហើយយើងចង់ជួយបង្កើនឱកាសធ្វើឱ្យសុបិន្តរបស់ពួកគេក្លាយជាការពិត ។”
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលតែងបានសម្តែងក្តីគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុវត្តកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជា បានថ្លែងសាទរចំពោះក្រុមហ៊ុន អេស ស៊ី ជី ដែលបានបន្តលើកកម្ពស់ការអប់រំសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសតាមរយៈកម្មវិធីអាហារូបករណ៍ SCG Sharing the Dream នេះ ដែលកន្លងមកបានចូលរួមចំណែក លើកស្ទួយដោយផ្ទាល់នូវជីវភាពសិស្សវិទ្យាល័យខ្សត់ខ្សោយរាប់រយនាក់ និងជះឥទ្ធិពលជាវិជ្ជមានដោយប្រយោលដល់មនុស្សជាច្រើនពាន់នាក់ទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ៕ វឌ្ឍនា