ខេត្តសៀមរាប៖ ជនសង្ស័យប្រុស-ស្រីចំនួន ១០នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាប និងប្រមូលយកទៅការិយាល័យប៉ូលិសពាក់ព័ន្ធករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះ ៨នាក់ បញ្ជូនទៅតុលាការ និង ពីរនាក់ទៀត បញ្ជូនទៅមណ្ឌលកែប្រែ នៅថ្ងៃទី២៩ ខែសីហា ។
ករណីចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងចាប់តាំងពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ទាំង១០នាក់ ដែលសមត្ថកិច្ចចាប់បាននោះ ពួកគេមាននាំគ្នាចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ដកហូតវត្ថុតាងរួមមាន ម្សៅកេតាមីន ប្រភេទខេ ចំនួន ១០កញ្ចប់ ស្មើនឹងទំងន់១០,២ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង ទូរស័ព្ទដៃចំនួន ៤គ្រឿង ឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីទាំង ១០នាក់ ក្នុងនោះចំនួ ២នាក់ បញ្ជូនទៅមណ្ឌលកែប្រែ។ ចំណែក ប្រុស-ស្រីទាំង៨នាក់ និងវត្ថុតាង បញ្ចូនទៅសាលាដំបូង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់៕ ប៊ុន រិទ្ធី