ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរគ្រឿងញៀន៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមចាប់ខ្លួន ដកហូតថ្នាំញៀន១៤កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាល​ស្រុកល្វាឯម សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរះ​ ធ្វើការ​ឆ្មក់បង្រ្កាបចាប់ខ្លួន កាលពីវេលា​ម៉ោង​១០ និង៣០នាទីព្រឹក ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខ្ចុះផឹកស៊ីមួយកន្លែង ស្ថិត​ក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ដកហូតបានថ្នាំញៀន​ប្រភេទមេតមហ្វេតាមីន ហៅម៉ា​ទឹក​កកចំនួន១៤កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បី​ចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ សួស ភារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ទី២-ឈ្មោះ វន ចាន់ណា ហៅឈុំ ភេទប្រុស អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ លក់មីឆា ទី៣-ឈ្មោះ វន ឌី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មីឆា ។ ជនសង្ស័យទាំង៣នាក់នេះមានទីលំនៅភូមកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ទី៤-ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មីឆា មានទីលំនៅភូមិអន្លង់ស ស្រុកកងមាស ខេត្តកំពង់ចាម ទី៥-ឈ្មោះ សារី រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មីឆា មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ទី៦-ឈ្មោះ ឃី អ៊ុល្រ្តា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មីឆា ទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទី៧-ឈ្មោ ឆេង អ៊ីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មីឆា មានទីលំនៅភូមិក្រាំងទែវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ច​បានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៤កញ្ចប់ ,ទូរស័ព្ទដែ០៣គ្រឿង ,ចិញ្ជៀន០២វង់ ,នាឡិកា០១គ្រឿង ,កងដៃ០១ និងម៉ូតូ០១គ្រឿង ម៉ាកហុង​ដាឌ្រីម ធុនសេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1K-8065 ។

មន្ត្រីនគរបាលស្រុកល្វាឯមបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង បន្ទាប់ពីទទួល​បានព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញមុខសញ្ញាជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅកន្លឺងផឹកស៊ី ទើបសមត្ថកិច្ចឆ្មក់ចូលធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យ​៧នាក់ រួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖