ខេត្តកណ្តាលៈ រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតអូលែរ បើកបោះពួយយ៉ាងលឿននៅលើស្ពានព្រែកក្តាមជាន់ហ្វ្រាំងយ៉ាងគំហុក បណ្តាលឲ្យក្រឡាប់ផ្ងារជើង ធ្វើឲ្យបុរសជាអ្នកបើកបរគៀបជាប់ក្នុងរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ដោយឡែកបង្កាន់ដៃស្ពានបានរងការខូចខាតបាក់អស់ពីផ្ទាំង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅលើស្ពានមិត្តភាពកម្ពុជា-ចិនព្រែកក្តាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្តសណ្តោងកុងតឺន័រនោះ ម៉ាក FREIGHTLINER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5884 ជារបស់ក្រុមហ៊ុនផែស្ងួត អូលែរ បើកបរដោយឈ្មោះ ធង សារី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកំពត ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុរថយន្តកុងតឺន័រខាងលើនេះបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ចេញពីរាជធានីភ្នំពេញក្នុងគោលបំនងឆ្ពោះទៅខេត្តកំពង់ចាម ។ លុះបើកដល់ចំណុចកើតហេតុរថយន្តក៏ក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរសជាអ្នកបើកបរគៀបជាប់ក្នុងរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកពញាឮបានធ្វើការសន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបរប្រើប្រាស់ល្បឿនលឿន ដល់ត្រង់ចំណុចផ្លូវកោងជាន់ហ្វ្រាំងបន្ថយល្បឿនបត់តាមផ្លូវកោង ទើបបណ្តាលឲ្យកាច់ក្រឡាប់យ៉ាងដូច្នេះ ។ បច្ចុប្បន្នអ្នកបើកបររថយន្តកំពុងសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យប្រតិបត្តិស្រុកពញាឮ រីឫរថយន្តត្រូវបានសមត្ថកិច្ចនគរបាលជួលរថយន្តស្ទួចនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនដោះស្រាយសំណង សងថ្លៃការខូចខាតបាក់បង្កាន់ដៃស្ពាន ៕ ស្អាងជ័យ